ដោយ: សៅវ៉ាន់ឌី / ព្រះវិហារ: បុរសម្នាក់បានស្លាប់ ចំណែកត្រាក់ទ័ររងការខូចខាតទាំងស្រុង ខណៈពេលកំពុងបើកភ្ជួរដី ជាន់គ្រាប់មីនតោន ផ្ទុះផ្អើលប្រជាពលរដ្ឋ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក លិញ យុត អភិបាលរងស្រុកជាំក្សាន្ត បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយបើកត្រាក់ទ័រភ្ជួរដីស៊ីឈ្នួលគេ នៅក្នុងភូមិសាស្ត្រកើតហេតុខាងលើ ខណៈពេលកំពុងភ្ជួរៗ ក៏បានប៉ះចំលើគ្រាប់មីនតោន ផ្ទុះបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ចំណែកត្រាក់ទ័របានរងនូវការខូចខាតទាំងស្រុង។
ជនរងគ្រោះមានឈ្មោះ រី លីន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្នសពត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕