ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២២ ជា​ថ្ងៃទី​ពីរ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ គណបក្សនយោបាយ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត បានធ្វើ​សកម្មភាព​ឃោសនា​តាម​មណ្ឌលបោះឆ្នោត​ឃុំ សង្កាត់​នីមួយៗ ក្នុង​រាជធានី ខេត្ត​ទាំង ២៥ ស្របតាម​កម្មវិធី​ដែល​គណបក្សនយោបាយ​បាន​ដាក់ជូន​គណៈកម្មកា​រ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត និង​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត តាម​មធ្យោបាយ​ផ្សេងៗ និង​លទ្ធភាព​របស់​គណបក្ស​នយោបាយ​នីមួយៗ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី​ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២​។

​តាម​ការសង្កេតឃើញថា ទោះបី​មាន​គណបក្សនយោបាយ​មួយចំនួន​បានកំណត់​យក​ថ្ងៃទី​ពីរ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់ខ្លួន​សម្រាប់​ភូមិសាស្ត្រ​មួយចំនួន ប៉ុន្តែ​ជារួម​សកម្មភាព​ឃោសនាបោះឆ្នោត​ថ្ងៃទី​ពីរ​នេះ មិនសូវមាន​ការហែក្បួន​ទ្រង់ទ្រាយ​ធំ ដូច​ថ្ងៃ​ដំបូង​នៃ​ការបើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នោះទេ ដោយ​ភាគច្រើន​បានធ្វើ​ការចាក់​មេក្រូ​នៅតាម​ទីស្នាក់ការ​គណបក្ស និង​ចល័ត​តាម​ភូមិ​ក្នុង​ឃុំ សង្កាត់ ការឃោសនា​តាម​ផ្ទះ ការចែក​ខិត្តប័ណ្ណ​។​

​សរុបមក​សភាពការណ៍​ទូទៅ​នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ ក្នុង​ថ្ងៃទី​ពីរ​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ និង​គ្មាន​អំពើហិង្សា​។​

​សូម​ជម្រាបជូន​ថា ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ មាន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២ ដោយ​ការធ្វើសកម្មភាព​ឃោសនា​ត្រូវគោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី រួមទាំង​សេចក្ដីណែនាំ​របស់ គ​.​ជ​.​ប​៕​