​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អាជ្ញាធរ​អ៊ីស្រាអែល​បាន​និយាយថា ខ្លួន​បាន​រកឃើញ​ករណី​កើត​ជំងឺ​អុត​ស្វា​(monkeypox)​លើកដំបូង​របស់​ប្រទេស​លើ​បុរស​ម្នាក់​ដែល​វិល​មក​ពី​បរទេស​។​ពួក​មន្ត្រី​ក៏​បាននិ​​យាយ​ថា ពួកគេ​ក៏​កំពុង​ពិនិត្យ​ករណី​សង្ស័យ​កើត​ជំងឺ​នេះ​ដទៃទៀត​។​

​ក្រសួង​សុខាភិបាល​អ៊ីស្រាអែល​បាន​និយាយថា បុរស​កើត​អុត​ស្វា​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យក្រុង​តែ​ល​អា​វីវ​មួយ ដោយ​មាន​សុខភាព​ល្អ​ទេ​។​ក្រសួង​ក៏​ណែនាំ​អោយ​អ្នក​វិល​មក​ពី​បរទេស​ដែល​ចេញ​រោគសញ្ញា​​ក្តៅខ្លួន​និង​ចេញ​ពងបែក​លើ​ស្បែក​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​។​

​ក្នុងពេល​ជាមួយគ្នា ជំងឺ​អុត​ស្វា​នេះ​ក៏​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន ដោយ​កាលពី​ថ្ងៃអាទិត្យ​លោក​បាន​និយាយថា ប្រជាជន​គួរ​ប្រយ័ត្ន​ខ្លួន​ទល់​នឹង​ជំងឺ​ដែល​អាច​បង្ក​​ផលវិបាក​ធំ បើ​វា​បន្ត​ឆ្លង​រាតត្បាត​។​

​ករណី​កើត​អុត​ស្វា​ជាច្រើន​ករណី​ត្រូវបាន​រកឃើញ​នៅ​អាម៉េរិក​ខាងជើង​និង​អឺរ៉ុប ចាប់តាំងពី​ដើម​ខែ​ឧសភា​មក ដោយ​បង្ក​អោយ​មាន​ការព្រួយបារម្ភ​អំពី​ការឆ្លង​រាតត្បាត​ទូទាំង​សកលលោក​។​

​នៅ​ក្រុង​សេ​អ៊ូ​ល​លោកបៃ​ដិនបាន​និយាយថា ពួក​មន្ត្រី​សុខាភិបាល​មិន​បាន​រាយការណ៍​ជូន​លោក​អោយ​មាន​ល្អិតល្អន់​អំពី​កំរិត​នៃ​ការឆ្លង​នៅ​អាម៉េរិក​ទេ «​តែ​វា​ជា​អ្វីមួយ​ដែល​គ្រប់​គ្នា​គួរ​ព្រួយបារម្ភ​។​បើ​វា​​ឆ្លង​រាលដាល វា​នឹង​បង្ក​ផលវិបាក​ធំ​។​យើង​កំពុង​ធ្វើកា​រលើ​រឿង​នេះ​ជា​ខ្លាំង​ដើម្បី​អោយ​ដឹង​ថា​ត្រូវធ្វើ​យ៉ាងដូចម្តេច​និង​ប្រើ​វ៉ាក់សាំង​អី​»​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា​ខ្លួន​រំពឹងថា​នឹង​រក​ឃើញ​អ្នក​អ្នក​កើត​អុត​ស្វា​នេះ​ច្រើន​ថែមទៀត នៅ​ពេល​ខ្លួន​ពង្រីក​ការតាមដាន​នៅក្នុង​ប្រទេស​ដែល​ជំងឺ​នេះ​បាន​ផ្ទុះ​។​

​គិត​ត្រឹម​ថ្ងៃ​សៅរ៍ អ្នក​កើត​ជំងឺ​នេះ​៩២​ករណី​ត្រូវបាន​បញ្ជាក់ និង​២៨​ករណី​ទៀត​ស្ថិត​ក្នុង​ការសង្ស័យ​នៅក្នុង​ប្រទេស​ចំនួន​១២​។​ទីភ្នាក់ងារ​សុខភាព​ពិភពលោក​នេះ​បាន​និយាយថា ខ្លួន​នឹង​ចេញ​គោល​ការ​​ណ៍​ណែនាំ​បន្ថែម​ព្រមទាំង​អនុសាសន៍​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​អំពី​វិធី​បន្ថយ​ការឆ្លង​រាលដាល​អុត​ស្វា​។​

​អុត​ស្វា ជា​ជំងឺឆ្លង​ដែល​ធម្មតា​ចេញ​រោគសញ្ញា​ស្រាល​ហើយ​កើតមាន​នៅ​ផ្នែក​នៃ​ទ្វីបអាហ្វ្រិក​ខាងលិច​និង​កណ្តាល​។​វា​ឆ្លង​តាមរយៈ​ប៉ះពាល់​អ្នកជំងឺ​ជិតដិត ដូច្នេះ​វា​ងាយ​នឹង​ទប់ស្កាត់​ដោយ​គ្រាប់​តែ​ដាក់​​ខ្លួន​អ្នកជំងឺ​នៅ​ដាច់​ពី​គេ និង​ធ្វើ​អនាម័យ​៕

​អុត​ស្វា​កើតមាន​នៅ​ជាង​ដប់​ប្រទេស ឆ្លង​តាម​ការប៉ះពាល់​អ្នកជំងឺ​តែ​កន្លងមក​មិនទាន់​សម្លាប់​មនុស្ស​ណា​ម្នាក់​នៅឡើយ​ទេ​