ភ្នំពេញ ៖ លោកហោ សំអាត អនុប្រធានក្រុមការងារស្រុក និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំកន្សោមអក បានបញ្ជាក់ថា​ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលស្ថិតនៅជាប់ជានិច្ច ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ពីព្រោះជាគណបក្ស ដែលបានដឹកនាំប្រទេសឱ្យមានការរីកចំរើន មានការផ្លាស់ប្តូរយ៉ាងធំធេងពីមួយអាណត្តិទៅមួយអាណត្តិ បង្កើតបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ។

ការបញ្ជាក់នេះ​ ក្នុងពិធីប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធានទី១ អនុប្រធាន និងជាប្រធានក្រុមការងារគណបក្សប្រចាំភូមិទាំង០៩ សមាជិក-សមាជិក របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកហោ​ សំអាត​ បានបញ្ជាក់ថា ក្នុងស្មារតីនេះ ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងប្រកាន់ខ្ជាប់នូវគោលការណ៍ នីតិរដ្ឋ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ដូចដែល បានកំណត់នៅក្នុងបាវចនារបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម បន្ដថា ដោយប្រកាន់ខ្ជាប់នូវបាវចនាទាំងនេះ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាដើរតួនាទីស្នូលយ៉ាងសំខាន់ ជាប្រវត្តិសាស្រ្តមិនអាចខ្វះបានរហូតមកទល់ពេលនេះ ក្នុងការរំដោះប្រទេសជាតិពីរបបប្រល័យ ពូជសាសន៍ ការកសាងជាតិឡើងវិញ។

ចំណែកលោកស្រី ហេង ស្រីពៅ ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងឃុំកន្សោមអក បានថ្លែងថា ក្នុងនាម ជាបេក្ខជនលំដាប់លេខរៀងទី១ ឈរឈ្មោះជាមេឃុំកន្សោមអក ក្នុងអាណត្តិថ្មីខាងមុខនេះ បានប្ដេជ្ញាចិត្តនៅចំពោះមុខ សមាជិក-សមាជិកា ថា បន្ដយកចិត្តទុកដាក់ និងប្រឹងប្រែងអនុវត្តនូវតួនាទី ភារៈកិច្ចរបស់ខ្លួនស្របតាមច្បាប់ឱ្យបានទ្វេដង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕