ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: កីឡា​ហែល​ពាក់​ជើង​ទា​កម្ពុជា វិញ្ញាសា​ហែល​បណ្ដាក់​២០០​ម៉ែត្រ​បួន​ដង បានទទួល​មេដាយសំរិទ្ធ​ក្នុងការ​ប្រកួត​កាលពី​ថ្ងៃទី​២១ ឧសភា ហើយ​នៅ​ថ្ងៃទី​២២ ម្សិលមិញ​នេះ បានធ្វើការ​បំពាក់​មេដាយ​។​

​វិញ្ញាសា​ហែល​ពាក់​ជើង​ទា បែប​បណ្តាក់ ៤​គុណ​នឹង​២០០​ម៉ែត្រ មាន​ប្រទេស​ចំនួន​៤ ចូលរួម​ប្រកួត រួមមាន​ម្ចាស់ផ្ទះ​វៀតណាម​, ឥណ្ឌូនេស៊ី​, ថៃ និង​កម្ពុជា ខណៈ​កីឡាករ​កម្ពុជា​ទាំង ៤​រូប រួមមាន លឹម សុខវឌ្ឍន៍​ន​ន្ទ​, ទួន ទិ​ត្យ​សត្យា​, លឹម កែវ​ឧ​ត្ត​ម​, និង​ឆោម ច័ន្ទ​ថន​សម្រេចបាន​ក្នុង​ថេរវេលា​០០:០៧:១៩.៩៧០​ដោយ​ទទួលបាន​មេដាយ​សំរឹទ្ធ​។​

​ម្ចាស់ផ្ទះ​វៀតណាម ទទួលបាន​មេដាយមាស ដោយ​បំបែក​បាន​នូវ​ថេរវេលា ០០:០៥:៥៥.៣០០ ខណៈ​ឥណ្ឌូណេស៊ី ទទួលបាន​មេដាយប្រាក់ សម្រេចបាន​ក្នុង​ថេរវេលា ០០:០៦:០៣.៣០០​។ ពិធី​បំពាក់​មេដាយ នឹងត្រូវ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​២២ ខែឧសភា នេះ​ផងដែរ​។​​ការទទួលបាន​មេដាយ​សំរឹទ្ធ​នេះ​គឺជា​ការ​ឈ្នះ​មេដាយ​លើកដំបូង​លើ​វិញ្ញាសា​ហែល​ទឹកពាក់​ជើង​ទា នៅ​ស៊ី​ហ្គេម សម្រាប់​កម្ពុជា ក្នុងការ​បង្ហាញខ្លួន​លើក​ទី​១ នៅ​ឆ្នាំនេះ​។ វិញ្ញាសា​នេះ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០០៣​។​

​លើសពីនេះទៅទៀត នេះ​ក៏​ជាការ​ឈ្នះ​មេដាយ​លើកដំបូង​ក្នុង​រយៈពេល ៤៩​ឆ្នាំ​ចុងក្រោយ លើ​ប្រភេទ​កីឡាហែលទឹក (Aquatic) នៅ​ស៊ី​ហ្គេម​ផងដែរ​ដោយ​កម្ពុជា​ឈ្នះ​មេដាយ​ចុងក្រោយ​គឺ​កាលពី​ឆ្នាំ​១៩៧៣ ក្នុង​ស៊ី​ហ្គេម លើក​ទី​៧ នៅ​ប្រទេស​សិង្ហ​បុរី​។​

កាលពី​ឆ្នាំ​១០៧៣​កីឡាហែលទឹក​កម្ពុជា​ធ្លាប់​ឈ្នះ​មេដាយ​ចំនួន​១៣​គ្រឿង​ក្នុងនោះ​មេដាយមាស​២​គ្រឿង​មេដាយប្រាក់​៧​គ្រឿង និង​មេដាយសំរិទ្ធ​៤​គ្រឿង ។​សូមបញ្ជាក់ថា​កាល​​នោះ​មិនទាន់មាន​ប្រភេទ​កីឡា​ហែល​ពាក់​ជើង​ទា​នៅឡើយ​ទេ ៕​