ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ប្រតិភូ​កីឡា​កម្ពុជា ចំនួន ៦​ប្រភេទ​ទៀត​បាន​ត្រឡប់​មកពី​ស៊ី​ហ្គេម​វិញ​ហើយ បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។​

​ការ​ត្រឡប់មកវិញ​នេះ មាន​ប្រតិភូ​កីឡា​ដែល​ទើប​ទទួលបាន​មេដាយ​ថ្មីៗ គឺ​កីឡា​កា​រ៉ា​តេ ដែល​បាន​នាំមក​ជាមួយ​នូវ​មេដាយ​សំរឹទ្ធ ៣​គ្រឿង ដោយមាន​ការទទួល​ស្វាគមន៍​ពី​សំណាក់ លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា រួមទាំង​តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ព្រមទាំង​តំណាង​សហព័ន្ធ​កីឡា​ជាតិ​នានា ។​

​ប្រតិភូ​កីឡា​៥​ប្រភេទ​ផ្សេងទៀត​ក៏បាន​ត្រឡប់មកវិញ​ដែរ​រួម​ដំណើរ​ផងដែរ រួមមាន​កីឡា​សីដក់​, កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​,​កីឡា​ទូក​ប្រពៃណី​, កីឡា​អុក​ចិន​, និង​កីឡាបាល់ទះ (​ឆ្នេរ​ខ្សាច់​)​។​

​ដោយឡែក​ប្រតិភូ​កីឡា​កម្ពុជា​ដទៃទៀត​ដូចជា​កីឡា​វ៉ូ​វី​ណា​ម​, ប្រដាល់​គុន​ខ្មែរ​, ប្រដាល់សកល​, កីឡាបាល់ទះ (​ក្នុង​សាល​), បាល់បោះ​, វាយ​កូន​បាល់​, វាយ​សី​, វាយ​កូនឃ្លី​លើ​តុ​, កីឡា​រាំ​, បាញ់កាំភ្លើង​, កី​ឡាអេ​ឡិច​ត្រូ​និ​ច​, កីឡា​ទោចក្រយាន (​កង់​គួ​ក​), យូ​ដូ​, កីឡាហែលទឹក (​ជើង​ទា​), កំពុង​ស្ថិតនៅ​ប្រទេស​វៀតណាម​នៅឡើយ ដោយ​កីឡា​ខ្លះ បានបញ្ចប់​ការប្រកួត​រួចរាល់ និង​ខ្លះទៀត​បញ្ចប់​ការប្រកួត​ទាំងស្រុង​នៅថ្ងៃនេះ ដែលជា​ថ្ងៃ​ចុងក្រោយ​មុន​ពិធី​បិទ គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែឧសភា​នេះ​៕​