ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះបើមានបញ្ហាអ្វីក៏ដោយត្រូវចេះអត់ធ្មត់ និងរំងាប់ចិត្តទើបគ្មានបញ្ហាមិនល្អចោទឡើង។ចំពោះការប្រកបការងារពុំសូវលូតលាស់ទេ ហើយកិច្ចការមួយចំនួនធ្វើពុំបានផលថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលនៅថ្ងៃនេះដែរជួបភាពប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែស្គាល់គ្នាថ្មីៗតែម្តង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួននិងមានការចេះអត់ឱនឱ្យគ្នាទើបប្រសើរ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះទោះបីលោកអ្នកមុននឹងហាមាត់និយាយស្តីអ្វីក៏ដោយចូរប្រយ័ត្នប្រយែងមាត់កបន្តិចព្រោះកាលបើមានពាក្យសម្តី និយាយជ្រុលជ្រួស លើសិទ្ធអ្នកដទៃអាចបង្កជាទំនាស់វិវាទកើតឡើង។នៅថ្ងៃនេះបើទោះបីដួងរាសីបានត្រឹមកម្រិតមធ្យមពិតមែន ប៉ុន្តែបើលោកអ្នកចង់ប្រកបកិច្ចការសំខាន់អ្វីមួយក៏តែងផ្តល់ផលល្អៗមកវិញ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិចឯការចំណាយវិញគ្រប់សារពើ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួននាំកើតតែរឿងរាវឥតធូរស្បើយ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដោះស្រាយបញ្ហាដែលជាប់គាំងឬបង្កឱ្យមានកំហុសណាមួយពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។
ការប្រកបការងារមានភាពសុខកាយបន្តិច តែបញ្ហាផ្លូវចិត្តហាក់មិនសូវសុខប៉ុន្មានឡើយ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយអាចដំណើរការបានស្រួល និងមានក្រុមតែងជួយជ្រោមជ្រែង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬធ្វើពិធីអ្វីមួយ។អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា និងចង់ពឹងពាក់ឬជជែកពិភាក្សាក្នុងរឿងអ្វីមួយតែងឆ្លើយតបផលគ្រាន់គាប់បំណង។ការប្រកបការងារពុំសូវល្អក្នុងការធ្វើដំណើរផ្លូវឆ្ងាយពិសេសងាយមានបញ្ហាជាមួយអ្នកដទៃជាងសព្វមួយដង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការកម្រើកគួរសមឡើងវិញ ហើយផលចំណូលមានហូរចូលមួយៗគ្រាន់គួរជាទីកក់ក្តៅផងដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំជួបបញ្ហាប្រឆាំង និងចាប់កំហុសគ្នាច្រើន៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ការរស់នៅក្នុងរង្វង់គ្រូសារទាំងស្វាមីភរិយាមើលមុខគ្នាមិនសូវចំប៉ុន្មានទេគឺតែងមានការពាក់មុខយក្ស និងប្រឆាំងគ្នា។ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនតានតឹងអារម្មណ៍ច្រើនខ្លាំងពេកឬធ្វើអ្វីមិនធ្វេសប្រហែសនោះផលអាក្រក់ទាំងឡាយក៏មិនហ៊ានមកក្បែរដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេដូចនេះគប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសការរស់នៅលោកអ្នក ត្រូវជម្រុះ បញ្ហាខ្ជិលច្រអូស បញ្ហាស្ពឹកស្រពន់ចេញហើយត្រូវរវាសរវៃការងារទើបផលចម្រុងចម្រើនលូតលាស់នឹងមានភាពប្រសើរជាងនេះទៅរួច។ការប្រកបការងារមានការជឿនលឿន និងធ្វើអ្វីក៏តែងមានក្រុមមនុស្សជួយជ្រោមជ្រែងផង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និងអាចចេញទៅរកស៊ីឆ្ងាយជិតដោយអាចសមដូចប្រកបទាំងអស់ ហើយការរកផលកម្រៃក៏គ្រាន់បើជាងមុនផង។
រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចសាងស្នេហ៍ចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើននោះដែរ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសការរស់នៅត្រូវរក្សាភាពស្ងប់ស្ងាត់ និងមិនត្រូវមាត់ច្រើនឡើយពីព្រោះថាគេងាយចាប់ថ្នាំងថ្នាក់បង្កើតជារឿងរាវណាស់។នាពេលនេះលោកអ្នកគប្បីតាំងចិត្តធ្វើការ និងព្យាយាមអត់ធ្មត់ពីព្រោះថាផលតែង ឆ្លើយតបមិនថាពេលនេះឬពេលក្រោយផង។ដោយឡែកសម្រាប់ការជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាមានការចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែក្រុមមនុស្សចាក់ដោត។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នា៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកទទួលរងផលលំបាកច្រើនបន្តិច ពិសេសបញ្ហាការងារត្រូវរែកពន់ច្រើន ហើយកើតការប្រទាំងប្រទើសជាមួយអ្នកដទៃច្រើនទៀតផង។ការប្រកបការងារលោកអ្នកនៅទទួលរងប៉ះទង្គិចជាមួយក្រុមមនុស្ស និង ធ្វើកិច្ចការងារអាចត្រូវគេចោទប្រកាន់អ្វីមួយថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អផងដែរ។
រីឯបញ្ហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ពេលនេះអាចជួបដូចគាប់បំណង៕
ឆ្នាំរកា
រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ហើយពិសេសបើចង់ខ្ចីអ្វីមួយពីអ្នកដទៃក៏តែងមិនឆ្លើយតបដូចក្តីបំណងនោះដែរ។ការប្រកបការងារជួបបញ្ហាលំបាកច្រើន និងពិសេសកិច្ចការងារធ្វើមិនបានដូចបំណងថែមទៀត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់បំពេញក្រពះទៅរួច។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីលោកអ្នកតោងតែចេះកាត់បន្ថយការចង់យកឈ្នះចាញ់គ្នាទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងអ្វីមួយសំខាន់ពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។ការប្រកបការងារផ្តល់ផលល្អសម្រាប់ការលេងហ៊ុន ធ្វើកិច្ចសន្យា ចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផលល្អត្រឡប់មកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងការនឿយហត់ និងទទួលរងសម្ពាធច្រើន ប៉ុន្តែយ៉ាងណាឆ្លងចូលមកដល់ថ្ងៃនេះលោកអ្នកបានរួចផុតពីឧបទ្រពចោមរោម ហើយភាពចម្រើនលូតលាស់បានចូលមកវិញ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ថ្ងៃនេះបើចង់ធ្វើអ្វីមួយគប្បីរួសរាន់ពីព្រោះថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះឃើញថាភាពជោគជ័យក៏មានច្រើន។ការប្រកបការងារវិញក្រុមមិត្តភក្តិរួមការងារបានកេងប្រវ័ញ្ចកម្លាំងការងារបន្តិច ប៉ុន្តែយ៉ាងណាក៏មានភាពសុខដុមគួរសម ។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បណ្តាក់ទុនរយះពេលខ្លីៗឃើញថាមិនទាស់ខុសអ្វីទេព្រោះតែងហុចផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើមានជម្លោះវិវាទត្រូវតែប្រញាប់ផ្សះផ្សាទើបប្រសើរ៕