ដោយៈ​សុផល​/​ភ្នំពេញ​៖​ អង្គការ​អុក​ស្វា​ម និង​មូលនិធិ Laudes Foundation បាន​សហការគ្នា​ដាក់ឱ្យអនុវត្ត​គម្រោង «​កិច្ច​គាំពារ​សង្គម​ប្រកបដោយ​ដោយ​បរិ​យាប​ន្ន​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្មក​រ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​» (​ហៅ​កាត់​ថា INSPIRE) ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ពង្រឹង​កិច្ច​គាំពារ​សង្គម​ប្រកបដោយ​បរិ​យាប​ន្ន​សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​។​

​អង្គការ​អុក​ស្វា​ម ក្រោម​ការឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ពី​មូលនិធិ Laudes Foundation បាន​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល និង​សហជីព​-​សហភាព​កម្មករ​ចំនួន​បួន ដើម្បី​អនុវត្ត​គម្រោង​មួយ​ដែលមាន​ឈ្មោះថា «​កិច្ច​គាំពារ​សង្គម​ប្រកបដោយ​ដោយ​បរិ​យាប​ន្ន​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្មក​រ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​»​។ គម្រោង​នេះ​អនុវត្ត​រួមគ្នា​ជាមួយ​ដៃគូ​និង​អ្នកពាក់ព័ន្ធ​ពី​ឆ្នាំ​២០២២​រហូតដល់​ឆ្នាំ​២០២៥​ដើម្បី​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​លើកកម្ពស់​កិច្ច​គាំពារ​សង្គម​ប្រកបដោយ​បរិ​យាប​ន្ន​សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។​

​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​កិច្ច​គាំពារ​សង្គម​សម្រាប់​ទាំងអស់​ពលរដ្ឋ​ទាំងអស់គ្នា​។ ការយកចិត្តទុកដាក់​នេះ​គឺ​សរ​បញ្ជាក់​ឱ​ឲ្យ​ឃើញ​តាមរយៈ​ការផ្តួចផ្តើម​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​មួយចំនួន​ជាពិសេស​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​ដែល​បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​។

​តាមរយៈ​គោលនយោបាយ​នេះ​កម្មករនិយោជិត​អាច​ទទួលបាន​សេវា​ថែទាំ​សុខភាព​និង​ត្រូវបាន​គាំពារ​ពី​ការរង​របួស​នៅ​កន្លែងធ្វើការ​ដែលមាន​សារៈសំខាន់​ណាស់​ចំពោះ​សុខុមាលភាព​និង​ភាព​ធន់​របស់​ពួកគេ​។​ជាក់ស្តែង​របាយការណ៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ឆ្នាំ​២០២០​បានកត់សម្គាល់​ឃើញថា​កម្មការិនី​កាត់ដេរ​សរុប​ចំនួន​៨​ម៉ឺន​នាក់​បានទទួល​ប្រាក់ឧបត្ថម្ភ​មាតុភាព​ពី​រដ្ឋាភិបាល ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ​៧,៩​លាន​ដុល្លារ​អាម៉េរិក​។​បន្ថែម​លើ​នេះ​ទៀត​នៅពេល​កម្ពុជា​រង​សម្ពាធ​ខ្លាំង​ពី​ការ​រាតត្បាត​នៃ​វ៉ី​រ៉ុ​ស​កូ​វីដ​-១៩ កម្មករនិយោជិត​ដែល​បាត់បង់​ការងារ​ក៏ត្រូវ​បានផ្តល់​ការគាំទ្រ​ក្នុង​ទម្រង់​ជា​សាច់ប្រាក់​ផងដែរ​។ ទាំងនេះ​សរ​បញ្ជាក់​ឲ្យ​ឃើញថា កម្ពុជា​កំពុង​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ឆ្ពោះទៅរក​ការកសាង​ភាព​ធន់ និង​សង្គម​មួយ​ប្រកបដោយ​បរិ​យាប​ន្ន​។​

​តាមរយៈ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គម្រោង INSPIRE នេះ​នឹង​ជួយ​ពង្រឹង និង​ពង្រីក​គោលនយោបាយ ប​.​ស​.​ស និង​ជួយ​ជ្រោ​ម​ជ្រោ​ម​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សេសសល់​មួយចំនួនទៀត ក្នុងចំណោម​កម្មករនិយោជិត (​ជាពិសេស គឺ​កម្មករនិយោជិត​កិច្ចសន្យា​) ក្នុង​វិស័យ​កាត់ដេរ​រួមមាន​៖ កង្វះ​លទ្ធភាព​ទទួលបាន​ព័ត៌មាន​អំពី​កិច្ច​គាំពារ​សង្គម និង​អត្ថប្រយោជន៍​កង្វះ​ការអនុលោម​តាមច្បាប់​កំណត់​ក្នុងចំណោម​និយោជក​ឧស្សាហកម្ម​កាត់ដេរ និង​កម្រិត​គុណភាព​នៃ​សេវាកម្ម​កិច្ច​គាំពារ​សង្គម​ដែល​ផ្តល់​ដល់​កម្មករនិយោជិត​វិស័យ​កាត់ដេរ​-​ល​-​។

​លោកស្រី ភាណ សោភ័ណ នាយិការ​អង្គការ​អុក​ស្វា​ម មានប្រសាសន៍ថា «​អង្គការ​អុក​ស្វា​ម ប្តេជ្ញា​ធ្វើការ​ជាមួយ និង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​ក្នុងចំណោម​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ ជាពិសេស​កម្មករនិយោជិត​កិច្ចសន្យា​ដែល​ភាគច្រើន​ជានា​រី ដើម្បី​ធានា​លទ្ធភាព​របស់​ពួកគេ​ក្នុងការ​ទទួលបាន​កិច្ច​គាំពារ​សង្គម ប្រកបដោយ​បរិ​យាប​ន្ន​។ ការទទួល​បានការ​គាំពារ​សង្គម គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​កម្មករនិយោជិត និង​ក្រុមគ្រួសារ​របស់​ពួកគេ ព្រោះ​វា​ជួយ​ទ្រទ្រង់​សុខុមាលភាព​របស់​ពួកគេ បង្កើន​ភាព​ធន់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ ឬ​ជំងឺ​រាតត្បាត​ជាស​កល​ជាដើម​»​។​

​លោក Jill Tucker ប្រធាន​កម្មវិធី​សិទ្ធិ​ពលកម្ម របស់​មូលនិធិ Laudes Foundation មានប្រសាសន៍ថា​៖
«​គោលនយោបាយ​សន្តិសុខ​សង្គម​ដូចជា ប​.​ស​.​ស បាន​ចូលរួមចំណែក​ជួយ​ពង្រឹង​កិច្ចសន្យា​សង្គម និង​ផ្តល់​ការការពារ​ជា​មូលដ្ឋាន​ដល់​កម្មករនិយោជិត ដើម្បី​ស្នើសុំ​ការគាំទ្រ និង​កិច្ច​គាំពារ​ពេល​ពួកគេ​មាន​ជំងឺ​ជួប​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​ឬ​រង​ផលប៉ះពាល់​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ជាដើម​។​ការបំពេញ​តាម​កិច្ចសន្យា​នេះ​បាន​ជម្រុញ​ឱ្យ​សំឡេង​កម្មករ​មាន​ភាព​ជា​តំណាង​កាន់តែ​ប្រសើរឡើង និង​ឆ្លុះបញ្ចាំង​នៅក្នុង​កិច្ចពិភាក្សា​អំពី​គោលនយោបាយ​នានា​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អុក​ស្វា​ម លើ​គម្រោង INSPIRE នេះ​យើងខ្ញុំ​ជឿជាក់ថា​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នឹងមាន​លទ្ធភាព​កាន់តែ​ច្រើនឡើង​ដើម្បី​ប្រើប្រាស់ និង​ទទួលបាន​អត្ថ​ប្រ​យោ​ជ៍​នានា​តាមរយៈ​គោលនយោបាយ​ប​.​ស​.​ស​»៕​សរន​-PC