ដោយៈ សុផល / ភ្នំពេញ៖ កម្ពុជា ត្រូវបានដាក់បញ្ចូល ជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូន អន្តរជាតិ ITF (International Transport Forum) នៅទីក្រុងឡាពហ្សិក (Leipzig) ប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមប្រភព ក្រសួងសាធារណការ និងដឹកជញ្ជូន។

រដ្ឋមន្រ្តីដឹកជញ្ជូនចំនួន៦៣ ប្រទេស នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ITF​ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដាក់បញ្ចូលប្រទេសកម្ពុជា ជាសមាជិកទី៦៤ នៃ ITF នៅក្នុងកិច្ចប្រជុំកំពូល ប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាល្លឺម៉ង់។

ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំ នាឱកាសនោះ លោករដ្ឋលេខាធិការ ឡេង ធនយុទ្ធា តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំដែងមោទនភាព យ៉ាងខ្លាំង ដែលកម្ពុជាត្រូវបានដាក់បញ្ចូល ជាសមាជិកទី៦៤ នៃ ITF ។ នេះ ជាការឆ្លុះបញ្ចាំង អំពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យ ដឹកជញ្ជូន និងភស្តុភារកម្ម នៅប្រទេសកម្ពុជា។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថាៈ ការចូលជាសមាជិក វេទិកាដឹកជញ្ជូនអន្តរជាតិនេះ បានផ្តល់ឱកាសឱ្យប្រទេសកម្ពុជា ទទួលបាន និងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជាមួយបណ្តាប្រទេស ជាសមាជិកទាំងអស់ ជាទុនដល់ការអភិវឌ្ឍ ប្រព័ន្ធដឹកជញ្ជូនកម្ពុជា ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាប័ន្ន។ លើសពីនេះ កម្ពុជានឹងទទួលបាន នូវការគាំទ្រពី ប្រទេសជាសមាជិក និងលេខាធិការដ្ឋាន នៃអង្គការវេទិកាដឹកជញ្ជូនអន្តរជាតិ ទាំងក្នុងក្របខណ្ឌបច្ចេកទេស និងក្របខណ្ឌគោលនយោបាយ ក្នុងការអភិវឌ្ឍ វិស័យដឹកជញ្ជូន និងភស្តុភារកម្ម នៅកម្ពុជា។

លោក Young Tae Kim អគ្គលេខាធិការ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ បានថ្លែងថាៈ កម្ពុជា ជាប្រទេសតែមួយគត់ នៅក្នុងតំបន់អាស៊ីអគ្នេយ៍ ដែលបានចូលជា សមាជិកវេទិកានេះ និងសូមស្វាគមន៍ប្រទេសកម្ពុជា ជាសមាជិករបស់ ITF ហើយសង្ឃឹមថា ប្រទេសដទៃទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងចូលរួមជាសមាជិក ITF ផងដែរ។

លោកអគ្គលេខាធិការ​ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ បានសង្កត់ធ្ងន់ថាៈ ITF បានត្រៀមខ្លួន ជាស្រេច ក្នុងការជួយប្រទេសកម្ពុជា ក្នុងការកសាងគោលនយោបាយដឹកជញ្ជូន និងភស្តុភារកម្ម៕/V-PC