ដោយ: សុខុម / រតនគិរី: បន្ទាប់ពីមានការអភិរក្ស ដោយយកចិត្តទុកដាក់ ពីមន្ត្រីដែនជម្រក សត្វព្រៃ លំផាត់ មកដល់បច្ចុប្បន្ននេះ ព្រៃសហគមន៍វាលកំបោរ បានជួយបង្កើនប្រាក់ចំណូល ជីវភាពគ្រួសារប្រជាពលរដ្ឋ ស្រុកលំផាត់ តាមរយៈការប្រមូលផលផ្សិតព្រៃលក់។ សហគមន៍ វាលកំបោរ គឺជាព្រៃស្ថិតនៅក្នុងព្រៃការពារធម្មជាតិ ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។

មន្ត្រីការពារនៅក្នុងដែនជម្រកសត្វព្រៃ លំផាត់ បានឲ្យដឹងថាៈ ប្រជាពលរដ្ឋស្រុកលំផាត់ កំពុងមមាញឹកជាមួយ ការប្រមូលផលអនុផលព្រៃឈើ ពិសេសផ្សិតព្រៃ។ ឆ្នាំនេះ មានផ្សិតព្រៃ ពីរប្រភេទ គឺផ្សិតក្ងោក និងផ្សិតអំបោះ នៅក្នុងដែនជម្រកសត្វព្រៃ លំផាត់ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋ ដើរប្រមូល ។

ក្រុមការងារសហគមន៍ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឲ្យដឹងថាៈ ពលរដ្ឋទាំងនោះ ក្នុងម្នាក់ៗ អាចដកផ្សិតបានពី ៥ ដល់ ១០ គីឡូក្រាម តាមស្ថានភាពជាក់ស្តែង។ ប្រជាពលរដ្ឋ ដែលរកបានច្រើន គាត់លក់ខ្លះ និងទុកខ្លះ ដើម្បីធ្វើជាអាហារ។ ក្នុងនោះផងដែរ ផ្សិត ១គីឡូក្រាម លក់បាន ៥.០០០ ទៅ ១២.០០០ រៀល ខណៈដែលឈ្មួញខ្លះ ក្នុងមួយថ្ងៃ ទិញបានចន្លោះពី ៥០០ ទៅ ១.០០០ គីឡូក្រាម។

រដូវកាលប្រមូលផលផ្សិត គេឃើញមានឈ្មួញ ៣ ទៅ ៥ នាក់ ចាំទទួលទិញ ពីសហគមន៍ តំបន់ការពារធម្មជាតិ វាលកំបោរ។ បែបនេះហើយ បានជាធនធានធម្មជាតិព្រៃឈើ ដើរតួយ៉ាង សំខាន់ ក្នុងការគាំទ្រដល់ ការរស់នៅ របស់ប្រជាសហគមន៍ ការពារព្រៃឈើ គឺការពារប្រភព ទ្រទ្រង់ជីវភាពយើង។ ការថែរក្សាព្រៃសហគមន៍បានល្អ ពិតណាស់ វាបានផ្ដល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន យ៉ាងពិតប្រាកដ៕/V-PC