ដោយៈ សរិទ្ធ / កណ្តាល៖ មន្ត្រីជំនាញមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា «ស៊ីម៉ាក់» បានបោសសម្អាតគ្រាប់បែក ទម្លាក់ពីយន្តហោះ មួយគ្រាប់ ដែលមានទម្ងន់ប្រមាណ ២៣០ គីឡូក្រាម ស្ថិតនៅក្នុងខេត្តកណ្តាល ។

លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជា បានឱ្យដឹង តាមបណ្តាញសង្គម នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ នេះថាៈ «នៅមិនឆ្ងាយប៉ុន្មាន ពីក្រុងភ្នំពេញនោះទេ គឺស្ថិតនៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បានបោសសម្អាតគ្រាប់បែក ទម្លាក់ពីយន្តហោះប្រភេទ MK-82 មានទម្ងន់ប្រមាណ ២៣០ គីឡូក្រាម ចំនួនមួយគ្រាប់» ។

លោកបានលើកឡើងថាៈ គ្រាប់បែកដែលបោសសម្អាតបាននេះ ត្រូវបានកម្លាំងជំនាញ បានដោះបន្សាប និងដឹកជញ្ជូនទៅទីតាំង អង្គភាពស៊ីម៉ាក់ ប្រកបដោយសុវត្ថិភាពហើយ ៕/V-PC