ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ យោងតាមប៉ូលិសកាលពីថ្ងៃពុធទី១៨ឧសភាបានឱ្យដឹងថា តារាសម្តែងឥណ្ឌាវ័យ ២១ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីអ្វីដែលក្រុមគ្រួសាររបស់នាងនិយាយថាជាការវះកាត់បូមខ្លាញ់ក្បាលពោះខុសបច្ចេកទេស។
ការវះកាត់យកខ្លាញ់ចេញពីក្បាលពោះគឺជារឿងធម្មតានិងមានតម្លៃថោកបំផុតនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែការវះកាត់ភាគច្រើនគឺគ្មានច្បាប់គ្រប់គ្រងទេនៅក្រៅមន្ទីរពេទ្យធំៗ។
នាង ចេថាណា រាជ (Chethana Raj) ដែលសម្តែងក្នុងរឿងភាគនិងរឿងដុំជាច្រើននៅក្នុងស្រុកកំណើតរបស់នាងនៅរដ្ឋកាណាតាកា (Karnataka) បានស្លាប់កាលពីថ្ងៃអង្គារទី១៧ឧសភា។
ជីដូនរបស់នាងឈ្មោះ ណារ៉ាយ៉ាណាមម៉ា (Narayanamma)បានប្រាប់សារព័ត៌មានក្នុងស្រុកថា តារាស្រីរូបនេះបានសុំប្រាក់ចំនួន ១៥ ម៉ឺនរូពី (១.៩៦២ ដុល្លារ) សម្រាប់ការវះកាត់ប៉ុន្តែក្រុមគ្រួសារបានបដិសេធ។
កាសែត Times of India បានដកស្រង់សម្តីលោកយាយដោយនិយាយថា “យើងមិនបានលើកទឹកចិត្តឱ្យនាងធ្វើការវះកាត់នោះទេ ព្រោះនាងមានសុខភាពល្អនិងមិនធាត់នោះទេ”។
នាងរាជបានប្រមូលលុយសន្សំយកទៅគ្លីនិកមួយក្នុងទីក្រុងបានហ្គាឡ័រ (Bangalore) ភាគខាងត្បូងដោយមិនប្រាប់ឪពុកម្តាយឱ្យដឹងឡើយ។ប៉ុន្តែនាងចាប់ផ្តើមមានបញ្ហាហើយត្រូវបានដឹកទៅមន្ទីរពេទ្យ ជាទីដែលនាងត្រូវបានប្រកាសស្លាប់។
លោក វីណាយ៉ាក ប៉ាទីល (Vinayak Patil) ស្នងការរងប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្រុមមន្ត្រីបានចុះបញ្ជីករណីស្លាប់មិនមែនតាមធម្មជាតិបន្ទាប់ពីឪពុករបស់ស្ត្រីរូបនេះបានចោទប្រកាន់គ្លីនិកថាបានវះកាត់បូមខ្លាញ់ខុសបច្ចេកទេស។
វេបសាយ News Minute បានដកស្រង់សម្តីឪពុករបស់នាងឈ្មោះ ហ្គោវីនដា រាជ យ៉ាងដូច្នេះ “កូនស្រីរបស់ខ្ញុំបានស្លាប់ដោយសារតែការធ្វេសប្រហែសរបស់មន្ទីរពេទ្យ។កូនស្រីរបស់ខ្ញុំមានសុខភាពរឹងមាំណាស់។ នាងពិតជាមានសុខភាពល្អណាស់”៕
នាង ចេថាណា រាជ ស្លាប់កាលពីថ្ងៃអង្គារទី១៧ឧសភា