ដោយៈ សុផល / ភ្នំពេញៈ ភ្ញៀវទេសចរ​ផ្ទៃក្នុង នា​ចុង​សប្តាហ៍ ថ្ងៃទី ២១-២២ ខែឧសភា ឆ្នាំ​២០២២ មាន​ចំនួន​សរុប ៣០២.៨១២ នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ មាន​ចំនួន ២៨៧.៣៣៥ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ១៥.៤៧៧ នាក់​។ នេះ​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមានៈ ខេត្ត​ព្រះសីហនុ ៥៩.៤២១ នាក់​, ខេត្តបាត់ដំបង ៣៨.២១០ នាក់​, រាជធានី​ភ្នំពេញ ៣៧.១៥២ នាក់​, ខេត្តកំពត ៣០.១០៥ នាក់​, ខេត្ត​កែប ២៣.៨៤៩ នាក់​, ខេត្តសៀមរាប ២២.៩៤៣ នាក់​, និង​ខេត្តកំពង់ស្ពឺ ១៦.៦៨៨ នាក់​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់​ទៀតថាៈ នេះ​ជា​សប្តាហ៍​ទី​៥ ជាប់​គ្នា បន្ទាប់ពី​ពិធីបុណ្យ ចូលឆ្នាំ ប្រពៃណីជាតិ ដែល​ភ្ញៀវទេសចរ​ផ្ទៃក្នុង មាន​ចំនួន​ជាង ៣០ ម៉ឺន​នាក់ ខណៈដែល ថ្ងៃអាទិត្យ​នេះ ជា​ថ្ងៃទី​១៥ ជាប់​គ្នា ដែល​កម្ពុជា ពុំមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ។​

​បើតាម​លោក ថោង ខុន ចុង​សប្តាហ៍​កន្លងមក ក៏​ជា​ថ្ងៃ​បើក​យុទ្ធនាការ​បោះឆ្នោត ដែលមាន​ការធ្វើដំណើរ​របស់ ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន និង​ក្រុមការងារ​ចុះ​មូលដ្ឋាន​នានា នៅតាម​រាជធានី​-​ខេត្ត​ផងដែរ​៕/V​