ដោយ : ប.ជ័យ / បន្ទាយមានជ័យ: នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យ០១នាក់ ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់កាករតាមនិតិវិធីច្បាប់ ។

 លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនិងអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បង្រ្កាបឲ្យខាងតែបានចំពោះបទល្មើសគ្រឿងញៀន ចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ។ 

ជាលទ្ធផល នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ លោកបានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន រួមសហការពីកម្លាំងអធិការដ្ឋានស្រុកមង្គលបូរី  បានបន្តចុះបង្ក្រាបជនសង្ស័យជួញដូរនឹងប្រើប្រាស់គ្រឿងញៀន  នៅចំណុចក្នុងផ្ទះជនសង្ស័យ  ក្នុងភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី  បានឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សាយ ពេជ្រ ភេទប្រុស អាយុ៣៨ឆ្នាំ ។

 វរសេនីយ៍ឯក ធិន ស៊ិនដេត បានបន្តថា៖ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាង ថ្នាំញៀនរួមមាន៖  ១-ថ្នាំគ្រាប់ពណ៌ក្រហម(WY)  ៥៣គ្រាប់ មួយចំហៀង, ២-ម្សៅក្រាមសថ្លា ចំនួន២ថង់ ,  ៣- សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន,៤/-ទូរសព្ទដៃ០១គ្រឿង ៕/PC