ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រុស្ស៊ី​បាន​និយាយថា រហូតមក​ទល់​ពេល​នេះ​ខ្លួន​បាន​ហាមប្រាម​ជនជាតិ​អាម៉េរិក​ចំនួន​៩៦៣​នាក់​មិន​ឱ្យ​ចូល​ប្រទេស រួម​ទាំង​ប្រធានាធិបតី ចូ បៃ​ដិ​ននិង​​មន្ត្រី​កំពូល​ផ្សេងទៀត ហើយ​នឹង​បន្ត​សងសឹក​ចំពោះ​សកម្មភាព​អរិភាព​របស់​សហរដ្ឋ​អាម៉េរិក​។​

​ការហាមឃាត់​ការធ្វើដំណើរ​ជា​និមិត្តរូប​ដ៏​ធំ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការធ្លាក់​ចុះ​ទំនាក់ទំនង​របស់​រុស្ស៊ី​ជាមួយ​លោក​ខាងលិច ចាប់តាំងពី​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​លើ​អ៊ុយ​ក្រែន​ដែល​បាន​ជំរុញ​​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​និង​សម្ពន្ធមិត្ត​របស់ខ្លួន​ដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រលើ​ទីក្រុង​មូ​ស្គូ និង​បង្កើន​ការផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុ​យក្រែន​។​

​ដោយឡែក ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​បន្ថែម​ឈ្មោះ​ថ្មី​ចំនួន ២៦ ទៅក្នុង​បញ្ជី​ជនជាតិ​កាណាដា​ដែល​ខ្លួន​បាន​ហាមឃាត់​មិនឱ្យ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី រួម​ទាំង​ប្រមុខ​ការពារជាតិ នាយក​ប្រតិបត្តិ​ឧស្សាហកម្ម​ការពារជាតិ និង​លោកស្រី សូ​ហ្វី ហ្គ្រេ​ហ្គ​យ​រ៉េ ទ្រូ​ដូ (Sophie Gregoire Trudeau) ជា​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី ចា​ស្ទីន ទ្រូ​ដូ​។​

​ដោយ​ចេញផ្សាយ​បញ្ជី​ពេញលេញ​នៃ​ជនជាតិ​អាម៉េរិក​ដែល​ត្រូវ​បាន​ហាមប្រាម​ជា​លើកដំបូង ក្រសួង​បាន​និយាយថា “​យើង​សូម​សង្កត់ធ្ងន់​ថា​សកម្មភាព​អរិភាព​ធ្វើឡើង​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ដែល​កំពុង​​ផ្ទុះ​ឡើង​ប្រឆាំង​នឹង​សហរដ្ឋ​អាម៉េរិក​ខ្លួនឯង នឹង​បន្ត​ទទួល​បាន​ការ​សងសឹក​យ៉ាង​សមរម្យ​”​។​

​ក្រសួង​បាន​និយាយថា ទណ្ឌកម្ម​តប​តរបស់​រុស្ស៊ី​គឺជា​ការឆ្លើយតប​ចាំបាច់​ក្នុង​គោលបំណង​”​បង្ខំ​ឱ្យ​របប​កំពុងកាន់​អំណាច​របស់​អាម៉េរិក​ដែល​កំពុង​ព្យាយាម​ដាក់ចេញ​នូវ​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​​ផ្អែកលើ​ច្បាប់​អាណានិគមនិយម​លើ​ពិភពលោក ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ខ្លួន ដោយ​ទទួលស្គាល់​ការ​ពិត​នៃ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​”​។​

​ឈ្មោះ​ប្រកាស​ក្នុង​បញ្ជី​ដ៏​ធំ​ពីមុន​រួម​មាន​រដ្ឋមន្ត្រីការបរទេស​លោក អាន​ថូ​នី ប្លីង​កិន រដ្ឋមន្ត្រី​ការពារជាតិ ឡយ អូ​ស្ទីន និង​ប្រធាន CIA លោក វី​លលៀម បឺន (William Burns)៕

លោកបៃ​ដិ​នក៏ជាប់​ក្នុង​បញ្ជី​ហាម​ចូល​រុស្ស៊ី​ផងដែរ