​ដោយ​: អង្គារ៍ហេង-គ្រី សម្បត្តិ/ ភ្នំពេញ​: ម្ដាយ​បង្កើតបាន​ចាក់សោរ​បន្ទប់​ទុក​កូនស្រី​នៅ​ម្នាក់ឯង​រួច​ចេញទៅ​លក់ដូរ​បាត់ ស្រាប់​តែមាន​ឆ្លង​ច​ន្ត​រ​អគ្គិសនី​ក្នុង​បន្ទប់​បណ្ដាល​ឲ្យ​កូនស្រី​ឈ្លក់ផ្សែង​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ កាល​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ ២០២២ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​៣ តាមផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​សន្សំ​កុសល​៤ សង្កាត់​បឹងទំពន់​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​សព​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ជ័យ លាំង​ស៊ឹម អាយុ ១៤​ឆ្នាំ មុខរបរ​នៅផ្ទះ​និង​មាន​ជំងឺ​ប្រចាំកាយ​មិន​ប្រក្រតី ។​

​តាម​សម្ដី​ស្ត្រី​ជា​ម្ដាយបង្កើត​ឈ្មោះ ជា សុខ​ងី​ម អាយុ ៥៤​ឆ្នាំ មុខរបរ​លក់ដូរ​នៅតាម​ចិញ្ចើមផ្លូវ និង​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​គាត់​ជា​រៀងរាល់ថ្ងៃ​តែងតែ​ទៅ​ចេញ​លក់ដូរ​និង​ទុក​កូនស្រី​ដែល​មិន​ប្រក្រតី​នៅក្នុង​បន្ទប់​ជួល​ចាក់សោរ​ចោល​ដូច​រាល់ដង ស្រាប់តែ​នៅ​ថ្ងៃកើតហេតុ​ក៏​លឺសូរ​ប្រជាពលរដ្ឋ​ផ្អើល​ថា​មាន​ភ្លើង​ឆេះ​ផ្ទះ ដោយ​ទីតាំង​លក់ដូរ​នៅក្បែរ​បន្ទប់​ជួល​ផង​នោះ​ទើប​ដើរទៅ​មើល​ក៏​ឃើញ​ភ្លើង​ឆេះ​បន្ទប់​ជួល​គាត់ ហើយ​គាត់​ក៏​ប្រញាប់​ទៅ​បន្ទប់​ចាក់សោ​យក​កូនស្រី​ចេញមកក្រៅ ទាំង​ឃើញ​កូនស្រី​សន្លប់​ស្ដូកស្ដឹង​ផង​នោះ​រួច​នាំគ្នា​ជួយ​លើក​ចុះមក​ខាងក្រោម​ដើម្បី​យកទៅ​សង្គ្រោះ​តែ​ជា​អកុសល​ពេល​រថយន្ត​សង្គ្រោះ​បន្ទប់​មកដល់ គ្រូពេទ្យ​បាន​ប្រាប់ថា ក្មេងស្រី​ខាងលើ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។​

​ក្នុងករណី​ខាងលើនេះ សមត្ថកិច្ច​បានបញ្ជាក់​ថា មូលហេតុ​បណ្ដាល​ឲ្យ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​បាន​ស្លាប់​គឺ​សង្ស័យ​មកពី​ឈ្លក់​ផ្សែងភ្លើង​ស្លាប់ ខណៈពេល​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​បន្ទប់​ជួល​ម្ដាយ​ចាក់សោ​ទ្វា​បើក​ចេញ​មិន​រួច ។ ដោយឡែក​ការខូចខាត​សម្ភារ​:​ក្នង​បន្ទប់​មានដូចជា ៖ ទូរ​ទឹកកក​ចំនួន​១​គ្រឿង , ទូរ​បោក​សំលៀកបំពាក់​ចំនួន​១​គ្រឿង និង​លុយកាក់​ទ្រព្យសម្បត្តិ​មួយចំនួន ។ ក្នុង​ហេតុការណ៍​នេះដែរ ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ​មួយចំនួនធំ​ដើម្បី​បាញ់​ឲ្យ​វា​រលត់ទៅវិញ​ជា​ស្ថាពរ ដោយ​មិនបាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​នោះទេ ។ ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ឯកសារ​ប្រគល់​សព​ក្មេងស្រី​រងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​