ដោយៈ ប.ខុន / ភ្នំពេញៈ វិថីថ្មីប្រវែងជាង ១៥ គីឡូម៉ែត្រ ភ្ជាប់ចរាចរពីផ្លូវជាតិលេខ៦ ម្តុំខាងត្បូងសាលាកសិកម្មព្រែកលៀប ទៅជាប់ជាមួយមហាវិថីឈ្នះឈ្នះ នៅខាងកើត គល់ស្ពានព្រែកព្នៅ និងរង្វង់មូលខាងលិច វិមានឈ្នះឈ្នះ បានសាងសង់រួច ដោយរដ្ឋបាល រាជធានីភ្នំពេញ ដែលប្រើប្រាស់ ដោយថវិកាជាតិ។
វិថីខាងលើនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជា ឱ្យដឹងថាៈ ជាផ្លូវយុទ្ធសាស្ត្រសម្រាប់ជួយដោះស្រាយ បញ្ហាចរាចរ នៅពេលបើកស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ខាងមុខ។
វិថីដែលមានទទឹង ២០ ម៉ែត្រនេះ (គិតទាំងចិញ្ចើមផ្លូវ) បានសាងសង់ឡើង ដោយចាក់បេតុង ឆ្អឹងដែក កម្រាស់ ០,២០ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ ប្រវែង ១៥.១៦៨ ម៉ែត្រ មានខឿនបេតុង ពុះចែកទ្រូងផ្លូវ និងមានភ្លើងបំភ្លឺ នៅចំកណ្តាល ចិញ្ចើមផ្លូវ ក្រាលការូឡា មានស្លាកសញ្ញា និងមានដាំ ដើមឈើផងដែរ។
វិថីថ្មីនេះ ស្ថិតនៅស្របខាងកើតដងទន្លេសាប ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ដែលពីមុន ជាផ្លូវដី លិចទឹក ក្នុងរដូវវស្សា៕/V