ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី២៣ ឧសភា ២០២២ នេះ គណៈកម្មការរៀបចំ កាបោះឆ្នោត ខេត្តកំពង់ឆ្នាំង (គធ/ខប) បានបើកកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង និង លោកស្រី នួន ចាន់នី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង រួមនឹងអាជ្ញាធ ក្រុង ស្រុក កងកម្លាំងទាំង៣ តំណាងគណបក្សនយោបាយ ក្នុងខេត្ត និងអង្គការផ្សេងៗ ដែលបានចូលរួមផងដែរ ។
នៅក្នុងកិច្ចប្រជុំនោះ លោកស្រី នួន ចាន់នី បានឱ្យដឹងថាៈ កិច្ចប្រជុំនេះ បានផ្ដោតទៅលើ ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។
លោកស្រី បានឲ្យដឹងទៀតថាៈ អនុលោមទៅតាមច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គោលបំណងធ្វើយ៉ាងណា ឱ្យការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅបានត្រឹមត្រូវ គ្រប់តាមវិធាន នៃបទប្បញ្ញត្តិ និងគោលការណ៍ និងរបស់គណបក្ស នយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ ក្នុងដំណើរការបោះឆ្នោត ។
លោកស្រី បានបញ្ជាក់ដឹងថាៈ នៅក្នុងខេត្តកំពង់ឆ្នាំង មានគណបក្សនយោបាយ ចំនួន១១ ដែលបានចុះឈ្មោះ នៅក្នុងគណៈកម្មការរៀបចំការបោះឆ្នោត រួមមានៈ
១.គណបក្សប្រជាជនកម្ពុជា, ២.គណបក្សភ្លើងទៀន, ៣.គណបក្សហ្វ៊ុនស៊ិនប៉ិច, ៤.គណបក្សខ្មែររួបរួមជាតិ, ៥.គណបក្សខ្មែរស្រឡាញ់ជាតិ, ៦.គណបក្សសញ្ជាតិខ្មែរកម្ពុជា,
៧.គណបក្សកម្ពុជានិយម, ៨.គណបក្សយុវជនកម្ពុជា, ៩.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន,
១០.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និង ១១. ឯកភាពជាតិខ្មែរ ។
លោក ឈិន សេងងួន បានកោតសរសើរ ដល់មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ បានយកចិត្តទុកដាក់រៀបចំ រាល់ឯកសារបទដ្ឋានគតិយុត្តនានា។
នៅក្នុងកិច្ចប្រជុំថ្ងៃនេះដែរ លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់សមត្ថកិច្ច ទាំងបីប្រភេទត្រូវយកចិត្តទុកដាក់ ពង្រឹងលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងការិយាល័យ បោះឆ្នោត ការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានប្រសើឡើង ។
លោក ឈិន សេងងួន បានបញ្ជាក់ថាៈ រយៈពេល ២ ថ្ងៃ ក្នុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សផ្សេងៗ នៅតាមបណ្តាក្រុង ស្រុក មានការលូន ហើយក៍មិនទាន់ឃើញមាន ជាបញ្ហាអ្វីកើតឡើងនោះឡើយ ពោលគឺប្រព្រឹត្តទៅដោយសុក្រិត យុត្តិធម៌ តម្លាភាព និងមានក្រមសីលធម៌ ៕/V