ប្រែសម្រួល៖ ប្រធានាធិបតីអាម៉េរិកលោកចូ បៃដិន កាលពីថ្ងៃចន្ទទី២៣ឧសភាបាននិយាយថា អាម៉េរិកនឹងធ្វើអន្តរាគមន៍យោធា បើសិនជាចិនចូលឈ្លានពានកោះតៃវ៉ាន់ និងថាបន្ទុកការពារតៃវ៉ាន់ឥឡូវ«កាន់តែខ្លាំងឡើង»ក្រោយពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។
វាជាសេចក្តីថ្លែងការណ៍ច្បាស់និងធ្ងន់បំផុតមួយរបស់ប្រធានាធិបតីអាម៉េរិកក្នុងការគាំទ្រកោះប្រជាធិបតេយ្យនេះនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក។
ក្នុងសន្និសីទកាសែតមួយនៅក្រុងតូក្យូ នៅពេលត្រូវបានសួរថាតើលោកមានបំណងចូលពាក់ព័ន្ធដោយយោធាដើម្បីការពារកោះតៃវ៉ាន់ដែរឬទេបើសិនជាចិនចូលឈ្លានពាន លោកបៃដិន បាននិយាយថា «បាទ »។
តាមទម្លាប់អាម៉េរិកជៀសវាង ប្រកាសកាសធានាការពារតៃវ៉ាន់យ៉ាងដូច្នេះ ដោយសារតែខ្លួនមិនមានសន្ធិសញ្ញាយោធារវាងគ្នា។ច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩(Taiwan Relations Act)មិនតំរូវអោយអាម៉េរិកបញ្ជូនទ័ពចូលការពារតៃវ៉ាន់ទេបើសិនជាចិនឈ្លានពាន តែវាបង្កើតគោលនយោបាយអាម៉េរិកដើម្បីធានាអោយតៃវ៉ាន់មានប្រភពធនការពារខ្លួនឯងនិងរារាំងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតៃវ៉ាន់ដោយឯតោភាគីណាមួយពីសំណាក់ចិនប៉េកាំង។
សម្តីរបស់បៃដិនពេលនេះមុខជាបង្កការឆ្លើយតបខ្លាំងក្លាពីចិនដីគោក ដែលអះអាងថាតៃវ៉ាន់ជាខេត្តផ្តាច់ខ្លួនមួយរបស់ខ្លួនដែលរង់ចាំតែពេលបង្រួបបង្រួមជាមួយមហាចិនដីគោកវិញតែប៉ុណ្ណោះ។
មន្ត្រីសេតវិមានម្នាក់បាននិយាយថា សម្តីរបស់លោកបៃដិន មិនឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគោលនយោបាយណាមួយទេ។
ថ្លែងជាមួយនាយករដ្ឋមន្ត្រីជប៉ុន ហ្វ៊ុយមីអុ គីស៊ីដា លោកបៃដិនបាននិយាយថា កិច្ចខិតខំណាមួយដោយចិនដើម្បីប្រើកម្លាំងប្រឆាំងតៃវ៉ាន់នឹង«មិនត្រឹមតែមិនត្រឹមត្រូវ»តែវានាំអោយបែកបាក់តំបន់ទាំងមូល ហើយនឹងជាអ្វីដែលស្រដៀងគ្នានឹងអ្វីកំពុងកើតនៅអ៊ុយក្រែន។
ប្រធានាធិបតី ចូ បៃដិន និយាយក្នុងអំឡុងសន្និសីទកាសែតមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុននៅក្រុងតូក្យូកាលពីថ្ងៃចន្ទ។បៃដិនបាននិយាយថា លោកសង្ឃឹមថា ចិននឹងមិនចាប់យកតៃវ៉ាន់ដោយប្រើកម្លាំងយោធាទេ
សូមបញ្ជាក់ថា ចិនបានបង្កើនសកម្មភាពយោធាក្បែរកោះតៃវ៉ាន់នៅប៉ុន្មានឆ្នាំមកនេះនៅក្នុងអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកថាជាការហាត់បង្កើនសមត្ថភាពយោធានៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនតែអាជ្ញាធរតៃវ៉ាន់ថាវារំលោភក្នុងដែនទឹកនិងអាកាសរបស់ខ្លួន។
លោកបៃដិនថែមទាំងនិយាយថា «ពួកគេកំពុងលលេងជាមួយនឹងគ្រោះថ្នាក់ ដោយបញ្ជូនយន្តហោះចូលកៀកៗនិងសមយុទ្ធទាំងអស់ដែលចិនបានធ្វើនៅក្បែរតៃវ៉ាន់»។
ប្រធានាធិបតីអាម៉េរិកបានបន្ថែមថាហេតុផលមួយរារាំងកុំអោយចិនវាយប្រហារកោះតៃវ៉ាន់នោះគឺថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កំពុងបង់តំលៃដ៏ខ្ពស់ចំពោះអំពើព្រៃផ្សៃរបស់គាត់នៅអ៊ុយក្រែន»។
សូមបញ្ជាក់ថា ក្រោមគោលនយោបាយ«ចិនតែមួយ» អាម៉េរិកទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំងជារដ្ឋាភិបាលរបស់ចិន និងមិនមានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ទេ។ទោះជាយ៉ាងណា អាម៉េរិករក្សាការទាក់ទងមិនផ្លូវការរួមមានស្ថានទូតតាមការជាក់ស្តែងមួយនៅក្រុងតៃប៉ិះ និងផ្គត់ផ្គង់សព្វាវុធដល់យោធាកោះនេះជាប្រចាំ៕