ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ៊ុយក្រែនបានទាត់ចោលបទឈប់បាញ់ឬសម្បទានទឹកដីណាមួយដល់រុស្ស៊ី ហើយប្រធានាធិបតីប៉ូឡូញបាននិយាយថាការបាត់បង់ទឹកដីអ៊ុយក្រែនណាមួយនឹងក្លាយជា “វាយសំពងដ៏ធំ” ដល់លោកខាងលិចទាំងមូល ខណៈគាត់ព្រមានកុំឱ្យទោរទន់តាមចិត្តរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។
ស៊ីរ៉ែនព្រមានអំពីការវាយប្រហារតាមអាកាសបានបន្លឺឡើងពាសពេញអ៊ុយក្រែនកាលពីព្រឹកថ្ងៃចន្ទទី២៣ឧសភា ដោយបន្លឺសំឡេងរោទិ៍ប្រចាំថ្ងៃមុនការវាយប្រហារដែលរំពឹងទុកដោយកងកម្លាំងរុស្ស៊ីនៅភាគខាងកើតនិងខាងត្បូងនៃប្រទេស។
រុស្ស៊ីបានបង្កើនការវាយលុកលើតំបន់ដុនបាសនិងតំបន់មីកូឡាអ៊ីវ (Mykolaiv)ជាមួយនឹងការវាយប្រហារតាមអាកាសនិងការបាញ់កាំភ្លើងធំ នៅក្នុងអ្វីដែលអ៊ុយក្រែនបានពណ៌នាថាជាយុទ្ធសាស្ត្រ “ដុតឱ្យឆេះឆួលផែនដី” ដើម្បីឈ្នះការគ្រប់គ្រងសមរភូមិជួរមុខភាគខាងកើត។
លោក អេនឌ្រី យើម៉ាក់ (Andriy Yermak)នាយអគ្គសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅក្នុងសារបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យថា”សង្គ្រាមត្រូវតែបញ្ចប់ជាមួយការស្ដារឡើងវិញពេញលេញនៃបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់អ៊ុយក្រែន”។
ប្រធានាធិបតីប៉ូឡូញលោក អង់ដ្រេ ឌូដា (Andrzej Duda)បានផ្តល់ការគាំទ្ររបស់ទីក្រុងវ៉ាសូវី ដោយប្រាប់សមាជិកសភាក្នុងទីក្រុងគៀវកាលពីថ្ងៃអាទិត្យថាសហគមន៍អន្តរជាតិត្រូវតែទាមទារឱ្យរុស្ស៊ីដកចេញទាំងស្រុង ហើយថាការលះបង់ទឹកដីណាមួយនឹងក្លាយជា “ការវាយសំពងដ៏ធំ” សម្រាប់លោកខាងលិចទាំងមូល។
លោកឌូដា ជាមេដឹកនាំបរទេសដំបូងគេដែលថ្លែងទៅកាន់សភាអ៊ុយក្រែនដោយផ្ទាល់ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បាននិយាយថា “សំឡេងព្រួយបារម្ភបានលេចឡើងថា អ៊ុយក្រែនគួរតែធ្វើតាមការទាមទាររបស់ពូទីន។ មានតែអ៊ុយក្រែនទេដែលមានសិទ្ធិសម្រេចអំពីអនាគតរបស់ខ្លួន”។
អ៊ុយក្រែននិងប៉ូឡូញបានព្រមព្រៀងគ្នាបង្កើតការត្រួតពិនិត្យគយព្រំដែនរួមគ្នានិងធ្វើការលើក្រុមហ៊ុនផ្លូវដែករួមគ្នា ដើម្បីសម្រួលដល់ចលនារបស់ប្រជាជន និងបង្កើនការនាំចេញរបស់អ៊ុយក្រែន។
ជនភៀសខ្លួនអ៊ុយក្រែនភាគច្រើនបានឆ្លងទៅកាន់សហភាពអឺរ៉ុបតាមច្រកព្រំដែនក្នុងប្រទេសប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី និងរូម៉ានី។ ប៉ូឡូញបានផ្តល់សិទ្ធិក្នុងការរស់នៅនិងធ្វើការនិងផ្តល់ប្រាក់សន្តិសុខសង្គមដល់ប្រជាជនអ៊ុយក្រែនជាងបីលាននាក់។
អ៊ុយក្រែន ដែលជាប្រទេសនាំចេញស្រូវសាលីនិងពោតដ៏សំខាន់មួយរបស់ពិភពលោក មិនអាចនាំចេញគ្រាប់ធញ្ញជាតិជិត ២៥ លានតោន ដែលបណ្តាលឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើងខ្ពស់៕
ប្រធានាធិបតីប៉ូឡូញលោក អង់ដ្រេ ឌូដាថ្លែងនៅសភាអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ