ដោយ​: សុផល​/​ភ្នំពេញ​: កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ (WFP) សហការ​ជាមួយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រៀបចំ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​រយៈពេល​២​ថ្ងៃ ស្តីអំពី​ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​អង្ករ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សមត្ថភាព​ផ្នែក​បញ្ចូល​មីក្រូ​សារជាតិ​នៅក្នុង​ប្រទេស​។​

​ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតកម្ម​មកពី​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​១៥ ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បី​អនុវត្ត​ជាក់ស្ដែង​អំពី​ដំណើរការ​ផ្សំ ការ​តម្លើង​និង​របៀប​ប្រើ​ឧបករណ៍ និង ការត្រួតពិនិត្យ និង​ធានា​គុណភាព​។​

​លោក សុខ ស៊ីឡូ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ មានប្រសាសន៍ថា “​វគ្គ​បណ្តុះបណ្តាល​នេះ​គឺជា​ការបោះ​ជំហាន​ទៅមុខ ក្នុងការ​គាំទ្រ​របៀបវារៈ​ជាតិ​ស្តីពី​ការបញ្ចូល​មីក្រូ​សារជាតិ​ទៅក្នុង​ចំណីអាហារ និង​ឆ្លើយតប​ទៅនឹង​អនុសាសន៍​ដែល​ទទួលបាន​ពី​កិច្ចសន្ទនា​ស្ដីពី​ប្រព័ន្ធ​ស្បៀង​ឆ្នាំ​២០២១ អំពី​ការធ្វើ​ពាណិជ្ជកម្ម​អាហារ​ដែល​បញ្ចូល​មីក្រូ​សារជាតិ​។​”

​ការបញ្ចូល​មីក្រូ​សារជាតិ​គឺជា​ការបន្ថែម​នូវ​មីក្រូ​សារជាតិ​សំខាន់ៗ​ទៅក្នុង​អាហារ ដូចជា​អង្ករ ដើម្បី​បង្កើន​តម្លៃ​អាហារូបត្ថម្ភ​ប្រកបដោយ​សុវត្ថិភាព និង​សន្សំសំចៃ​។ នៅ​កម្ពុជា ការបញ្ចូល​មីក្រូ​សារជាតិ​ទៅក្នុង​អំបិល ទឹកត្រី និង​ទឹកស៊ីអ៊ីវ ដោយ​ប្រើ​ជាតិ​អ៊ីយ៉ូដ និង​/​ឬ​ហ្វូ​ឡា​ត ត្រូវបាន​អនុវត្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​ការបញ្ចូល​មីក្រូ​សារជាតិ​ទៅក្នុង​អង្ករ​នៅ​ជា​រឿង​ថ្មី​នៅឡើយ​។​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បានចាប់ផ្ដើម​គាំទ្រ​លើ​ការ​ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​អង្ករ​ជា​លើកដំបូង​នៅក្នុង​កម្មវិធី​ជាតិ​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​។​

​លោក សុខ ស៊ីឡូ បានបញ្ជាក់​បន្ថែមថា “​ខ្ញុំ​ជឿថា នេះ​គឺជា​ជំហាន​ចម្បង​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​អាហារូបត្ថម្ភ​ក្នុងប្រទេស ដែល​ប្រជាជន​ភាគច្រើន​ទទួលទាន​បាយ​ក្នុង​បរិមាណ​ច្រើន ជា​រៀងរាល់ថ្ងៃ​។​” កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​ទទួលទាន​បាយ​ច្រើន​បំផុត​នៅក្នុង​តំបន់​។​បាយ​គឺជា​ប្រភព​ថាមពល​ដ៏​ល្អ ក៏ប៉ុន្តែ​វា​ខ្វះ​នូវ​មីក្រូ​សារជាតិ​សំខាន់ៗ​ដូចជា វីតាមីន​អា ជាតិ​ដែក និង​កាល់ស្យូម ដែលមាន​នៅក្នុង​អាហារ​ផ្សេងទៀត​ដូចជា​ប្រភេទ​ផ្លែឈើ និង​បន្លែ ជាដើម​។ ជា​លទ្ធផល ប្រជាជន​កម្ពុជា​ភាគច្រើន​រង​ផលប៉ះពាល់​ដោយ​បញ្ហា​កង្វះ​មីក្រូ​សារជាតិ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ផលិតភាព​ការងារ និង​សមត្ថភាព​រៀនសូត្រ​។​

​ការសិក្សា​អំពី​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​បញ្ហា​អាហារូបត្ថម្ភ​នៅ​កម្ពុជា បាន​រកឃើញថា ការចំណាយ​ទៅលើ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​មាន​បរិមាណ​ពី ២៥០ ទៅ ៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​ក្នុងនោះ​ជាង ១៣៤​លាន​ដុល្លារ​បាន​ខាតបង់​ដោយសារ​បញ្ហា​កង្វះ​មីក្រូ​សារជាតិ​។​

​លោក ម៉ម បូរ៉ា​ត ប្រធាន​នាយកដ្ឋាន​លើកកម្ពស់​អាហារូបត្ថម្ភ នៃ​ក្រសួងផែនការ មានប្រសាសន៍ថា “​ការបន្ថែម​វីតាមីន ឬ​សារធាតុ​រ៉ែ​ទៅក្នុង​អង្ករ​ប្រកបដោយ​សុវត្ថិភាព បង្កើន​គុណភាព​អាហារូបត្ថម្ភ​របស់​អង្ករ និង​អាចជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ទល់​ជាមួយនឹង​បញ្ហា​កង្វះ​មីក្រូ​សារជាតិ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​មិនចាំបាច់​ផ្លាស់ប្តូរ​ទម្លាប់​និង​រសជាតិ​អាហារ​របស់​ពួកគាត់​។​” តាមរយៈ​ការដកស្រង់​ការសិក្សា​ឆ្នាំ​២០១៧ របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក មួយ​ភាគ​ប្រាំ​នៃ​ក្រុមគ្រួសារ​នៅ​កម្ពុជា​ខ្វះខាត​លទ្ធភាព​ទិញ​របប​អាហារ​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់ ក្នុងតម្លៃ​ទាប​បំផុត​។​

​ចាប់តាំងពី​ឆ្នាំ​២០១០ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​គឺជា​ដៃគូ​ឈានមុខ​របស់​រាជរដ្ឋាភិបាល ក្នុង​កិច្ច​ការបញ្ចូល​មីក្រូ​សារជាតិ​ទៅក្នុង​អង្ករ​។ ការសិក្សា​នៅក្នុង​ដំណាក់កាល​ដំបូង​បាន​បង្ហាញថា អង្ករ​ដែលមាន​បញ្ចូល​មីក្រូ​សារជាតិ​ទទួលបាន​ការចូល​ចិត្ត​ខ្លាំង​ពី​សំណាក់​គ្រូបង្រៀន ឪពុកម្តាយ និង​កុមារ​ជា​សិស្ស នៅ​ទូទាំងប្រទេស​។ ក្រោយមក ការសិក្សា​មួយ​ដែល​ធ្វើឡើង​ជាមួយ​សិស្ស​ជាង ៩.០០០​នាក់ បានបញ្ជាក់​ពី​ផល​វិជ្ជមាន​នៃ​អង្ករ​មីក្រូ​សារជាតិ ក្នុងការ​លើកកម្ពស់​សុ​ខ​ភាព និង​សមត្ថភាព​ក្នុង​ការគិត​របស់​កុមារ​នៅតាម​ទីជនបទ​។​

​ជា​លទ្ធផល រាជរដ្ឋាភិបាល​បានអនុម័ត​យល់ព្រម​លើ​ការប្រើប្រាស់​អង្ករ​មីក្រូ​សារជាតិ នៅក្នុង​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន​ក្នុង​ឆ្នាំ​២០១៦​។ បី​ឆ្នាំ​បន្ទាប់មក កម្មវិធី​ស្បៀងអាហារ​ពិភពលោក​និង​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​បាន​លាយ​អង្ករ​មីក្រូ​សារជាតិ​ជា​លើកដំបូង​នៅក្នុង​ប្រទេស ដែល​បង្ហាញ​នូវ​ជោគជ័យ​មួយ ក៏ដូចជា​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចការ​បច្ចុប្បន្ន ដែល​គាំទ្រ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក ដើម្បី​អនុវត្ត​កិច្ចការ​លាយ​បញ្ចូល​អង្ក​មីក្រូ​សារជាតិ​នេះ​។​

​លោកស្រី គ្លែ​រ កូ​ណាន់ តំណាង និង​ជានា​យក​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​មានប្រសាសន៍​ថា “​យើង​សូម​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​ចំពោះ​ភាពជា​ដៃគូ និង​ការគាំទ្រ​ដល់​ការច្នៃប្រឌិត​នេះ​។ ឥឡូវនេះ​យើង​កំពុងស្ថិត​ក្នុងដំណាក់កាល​មួយ​ដែល​យើង​អាច​ពង្រីក ដើម្បី​ធានា​ការផ្គត់ផ្គង់​អង្ករ​មីក្រូ​សារជាតិ ដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​។ យើង​ក៏​សូម​ថ្លែងអំណរគុណ​ដល់ USDA និង DSM សម្រាប់​ការរួមចំណែក​ដ៏​សប្បុរស ដើម្បីឱ្យ​កិច្ចការ​នេះ​អាចអនុវត្ត​ទៅបាន​។​”

​លោកស្រី​បាន​បន្តថា​៖“​ការជំរុញ​ការប្រើប្រាស់​អង្ករ​មីក្រូ​សារជាតិ អាចជួយ​ឱ្យ​យើង​ធានាថា ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​ជនក្រីក្រ​និង​ជន​ងាយ​រងគ្រោះ មានលទ្ធភាព​ទិញ​អាហារ​ដែលមាន​ជីវជាតិ និង​អាច​ជម្នះ​លើ​បញ្ហា​អាហារូបត្ថម្ភ​នៅ​ទូទាំងប្រទេស ជាពិសេស​ក្នុងចំណោម​ស្ត្រី កុមារ និង​ស្ត្រី​បំបៅ​ដោះ​កូន​។​”​