ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ខេត្តហឺណានរបស់ចិនបានបញ្ជាឱ្យប្រជាជនជិត ១០០ លាននាក់របស់ខ្លួនធ្វើតេស្តិ៍កូវីដរៀងរាល់ពីរថ្ងៃម្តង ដែលជាជំហានមិនធ្លាប់មានពីមុនមកខណៈប្រទេសនេះកំពុងប្រឈមមុខនឹងការកើនឡើងនៃករណីឆ្លងជំរុញដោយអូមីក្រុង។
ចិនបានបន្តអនុវត្តគោលនយោបាយកូវីដសូន្យរបស់ខ្លួន ដោយបានដាក់ចេញការបិទខ្ទប់យ៉ាងតឹងរ៉ឹងនិងការរឹតត្បិតបំលាស់ទីលើទីក្រុងជាច្រើនសូម្បីពិភពលោកទាំងមូលបានងាកទៅរកការរស់នៅជាមួយវីរុសនេះក៏ដោយ។
ការទប់ស្កាត់ ដែលរួមបញ្ចូលទាំងការបញ្ជាឱ្យស្នាក់នៅផ្ទះនៅក្នុងទីក្រុងសៀងហៃដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនិងការរឹតបន្តឹងខ្លាំងឡើងនៅទូទាំងទីក្រុងប៉េកាំងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចចិនយ៉ាងធ្ងន់ធ្ងរ។
ដើម្បីចៀសវាងការបិទខ្ទប់ទីក្រុងទាំងស្រុង រដ្ឋបាលតាមតំបន់នានាកំពុងអនុវត្តការធ្វើតេស្តិ៍ញឹកញាប់ដើម្បីរកឱ្យឃើញករណីឆ្លងកាន់តែលឿន និងកាត់ផ្តាច់ចង្កោមមេរោគដោយមិនចាំបាច់បញ្ជាឱ្យប្រជាជនទាំងអស់ស្នាក់នៅក្នុងផ្ទះ។
“អ្នកស្រុកនៃខេត្ត (ហឺណាន) និងបុគ្គលផ្សេងទៀតនៅទីនោះគួរតែបំពេញការធ្វើតេស្តិ៍រកកូវីដយ៉ាងហោចណាស់ម្តងរៀងរាល់ ៤៨ ម៉ោង” នេះបើយោងតាមអត្ថបទដែលបានបង្ហោះកាលពីថ្ងៃអាទិត្យនៅលើវេបសាយរបស់រដ្ឋបាលក្នុងតំបន់។
អាជ្ញាធរបាននិយាយថា ការធ្វើតេស្តិ៍នេះនឹងចាប់ផ្តើមនៅក្នុងទីក្រុងចេងចូវ ជាទីរួមខេត្តហឺណាននៅមុនដំណាច់ខែឧសភា ដើម្បីជួយ “កំណត់អត្តសញ្ញាណហានិភ័យដែលអាចកើតមាន” យ៉ាងឆាប់រហ័ស។
របាយការណ៍បានបន្ថែមថា អ្នកស្រុកដែលមិនគោរពតាមនឹងមានបញ្ហាក្នុងការស្កែនលេខកូដដែលត្រូវការចាំបាច់ដើម្បីចូលកន្លែងសាធារណៈ ឬការដឹកជញ្ជូនសាធារណៈ៕
ចិនបានបន្តអនុវត្តគោលនយោបាយកូវីដសូន្យរបស់ខ្លួន ដោយបានដាក់ចេញការបិទខ្ទប់យ៉ាងតឹងរ៉ឹងនិងការរឹតត្បិតបំលាស់ទីលើទីក្រុងជាច្រើន