ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វា​ជា​ថ្ងៃ​ដែល​អ្នកគាំទ្រ Apple​ជុំវិញ​ពិភពលោក​រាប់​ថយ​ក្រោយ​ជា​រៀងរាល់ឆ្នាំ ហើយ​ឥឡូវនេះ កាលបរិច្ឆេទ​នៃ​ការដាក់​លក់ iPhone 14​អាច​នឹង​ត្រូវ​បាន​​បង្ហាញ​នៅ​ទីបំផុត​។​

​វេបសាយ iDropNews ដែល​ផ្តោត​លើ Apple អះអាងថា ស្មា​ត​ហ្វូន​ស៊េរី​ខ្ពស់​បន្ទាប់រប​ស់ Apple នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃទី ១៣ ខែ​កញ្ញា​។​

​ខណៈ​ក្រុមហ៊ុន Apple មិន​ទាន់​បញ្ជាក់​ឬ​បដិសេធ​ការ​លេច​ធ្លាយ​នេះ កាលបរិច្ឆេទ​នឹងត្រូវ​គ្នា​ម៉ា​ច់នឹង​កាលបរិច្ឆេទ​ចេញលក់ iPhone មុនៗ​ដែល​ជា​ធម្មតា​កើតឡើង​នៅ​ថ្ងៃ​អង្គារ​នៅ​ពាក់​​កណ្តាល​ខែកញ្ញា​។​

iDropNews បាន​ដកស្រង់ “​ប្រភព​ផ្ទាល់ខ្លួន​” ហើយ​អះអាងថា Apple មាន “​គម្រោង​មួយ​” នៅ​ថ្ងៃទី ១៣ ខែ​កញ្ញា​។ “​តាម​អ្វី​ដែល​ខ្ញុំ​ដឹង Apple មាន​ផែនការ​ផ្ទៃក្នុង​សម្រាប់​សប្តាហ៍​ទី​៣៧​។​​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឃូ​ភើ​ទីណូ (Cupertino) ជាធម្មតា​រៀបចំ​ព្រឹត្តិការណ៍​ទាំងអស់​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​”​។​

“​នោះ​មានន័យថា​មាន​អ្វី​មួយ​នឹង​កើតឡើង​នៅ​ថ្ងៃទី ១៣ ខែ​កញ្ញា ឆ្នាំ ២០២២​។ ពិតណាស់ ខ្ញុំ​មិន​អាច​ធានាថា នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​បង្ហាញ​ស្មា​ត​ហ្វូន​នោះទេ ប៉ុន្តែ​វា​ពិតជា​មើលទៅ​ទំនង​ណាស់​”​។​

​ខណៈ​ក្រុមហ៊ុន Apple ពី​មុន​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ទូរស័ព្ទ iPhone ថ្មី​របស់​ខ្លួន​ភាគច្រើន​នៅ​ទីស្នាក់ការ​កណ្តាល Apple Park ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងឃូ​ភើ​ទីណូ​ក្រុមហ៊ុនត្រូវ​បង្ខំចិត្ត​​បង្ហាញ​វា​នៅលើ​អ៊ីនធឺណិត ចំ​ពេល​មាន​ជំងឺ​រាតត្បាត​កូវី​ដ​១៩​។​

​យោងតាម iDropNews គេ​នៅតែ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ Apple នឹង​រៀបចំ​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​នេះ​តាម​អ៊ីនធឺណិត ឬ​ដោយ​ផ្ទាល់​៕

iPhone 14 អាច​នឹង​បង្ហាញ​នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា