ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុក ចុះសំណេះ សំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ជាគ្រួសារបក្ស និងមេក្រុមបក្ស នៅតាមមូលដ្ឋានក្នុងឃុំ ៣ គឺ ឃុំតាងិល ឃុំស្វាយរំពារ និងឃុំដារ ស្រុកកំពង់លែង ។

ក្នុងពិធីសំណេះសំណាលខាងលើនេះ លោកបានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ ក្នុងគ្រួសារបក្ស និងក្រុមបក្សគ្រប់មូលដ្ឋាន សូមអញ្ជើញបងប្អូនកូនចៅ ទៅបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ។

ជាមួយគ្នានេះដែរ​ក្រុមការងារ ក៏បានពន្យល់ឲ្យបងប្អូនប្រជាពលរដ្ឋ ចេះគូសសន្លឹកឆ្នោត ក្នុងពេលទៅបោះឆ្នោត ស្គាល់មណ្ឌលបោះឆ្នោត និងការិយាល័យ ដែលខ្លួនត្រូវបោះឆ្នោត ផងដែរ ដោយត្រូវយកទៅជាមួយខ្លួន មានប័ណ្ណព័ត៌មាន សម្រាប់បោះឆ្នោត និងអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទើបអាចបោះឆ្នោតបាន ។

ក្នុងឱកាសនោះដែរ លោកបានលើកឡើងថាៈ មានគណបក្ស ប្រជាជន ទើបមានសន្តិភាព និងមានសន្តិភាព ទើបមានការអភិវឌ្ឍ លើគ្រប់វិស័យ ។

សម្រាប់ប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់លែង ក្នុងពេលខាងមុខនេះ អាជ្ញាធរខេត្ត នឹងជួយធ្វើផ្លូវបេតុង និងដាក់អំពូលសឡា តាមដងផ្លូវ ក្នុងមូលដ្ឋានភូមិឃុំទាំងអស់ផងដែរ ដែលការកសាង ត្រូវធ្វើតាមជំហានៗ ជាបន្តបន្ទាប់ ។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋ នៅក្នុងឃុំដា ស្រុកកំពង់លែង ប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យកសាងវិទ្យាល័យមួយកន្លែង រួចហើយ ក្នុងពេលឆាប់ៗ ខាងមុខនេះ ដើម្បីឲ្យកូនចៅប្រជា ពលរដ្ឋ បានរៀនសូត្រ មិនបាច់ធ្វើដំណើរទៅឆ្ងាយ ដល់វិទ្យាល័យ នៅក្នុងទីរួមស្រុកកំពង់លែង នោះទេ។

នេះហើយគឺជាការយកចិត្តទុកដាក់ របស់សម្ដេចតេជោ ដែលជាប្រធានគណបក្សប្រជាជន កម្ពុជា និងតែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនជានិច្ច និងគ្រប់កាលៈទេសៈ ដោយសារតែ មានសន្តិភាព។

ថ្នាក់ដឹកនាំគណបក្សប្រជាជន មិនសន្យាចោលនោះទេ ហ៊ានថា គឺហ៊ានធ្វើ និងនៅរួមរស់ ជាមួយប្រជាជនជានិច្ច មិនរត់ចោលស្រុក ចោលប្រទេសជាតិ និងរត់ចោលប្រជាជនរបស់ខ្លួន នោះឡើយ អ្វីៗទាំងអស់ ដើម្បីប្រជាជន និងដើម្បីប្រទេសជាតិ មានសុខសន្តិភាព ៕/V-PC