ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក​ទេសរដ្ឋមន្ដ្រី លី ធុជ ប្រធាន​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់ បាន​ថ្លែងថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច ចូលរួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ទាំង​ទ្វេភាគី និង​ពហុភាគី ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារឡើងវិញ​នូវ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច និង​លើកកម្ពស់​វិបុលភាព​សម្រាប់​ទាំងអស់គ្នា​។
​លោក បាន​ថ្លែង នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៨ របស់ UN ESCAP នា​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ថា ការប្តេជ្ញា​របស់​កម្ពុជា​ចូលរួម​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​អនុវត្តន៍​របៀបវារៈ​រួម ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការគាំទ្រ​របស់​កម្ពុជា​ទៅលើ​ការអនុម័ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ ២០១៥ និង​ការដាក់ចេញ​នូវ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ ២០១៦-២០៣០ ដែលមាន​១៨​គោលដៅ ហើយ​គោលដៅ​ទី​១៨ គឺ “​កម្ពុជា​គ្មាន​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​”​។
​លោក បាន​បញ្ជាក់ថា ការអនុវត្ត​របៀបវារៈ​ឆ្នាំ ២០៣០ ត្រូវបាន​រំខាន​ដោយ​កត្តា​ជាច្រើន​ដែលមាន​ដូចជា វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​ការប្រែប្រួល​អាកាសធាតុ ដែលជា​ហេតុ​ទាមទារ​ឱ្យ​សហគមន៍​អន្តរជាតិ​បង្កើន​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត បង្កើន​ការតភ្ជាប់​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ និង​បង្កើន​ភាព​បើកចំហរ និង​បរិ​យា​ប័ន្ន​នៃ​សេដ្ឋកិច្ច​សកល​។
​លោក​បាន​បន្ថែមថា ការដោះស្រាយ​បញ្ហា​ទាំងនេះ ទាមទារ​ឱ្យមាន​កា​រស​ម្រេ​ចិត្ត​រួមគ្នា ក្រោម​ក្របខ័ណ្ឌ​ពហុភាគី​និយម ដោយ​គោរព​នូវ​ច្បាប់​អន្តរជាតិ និង​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយៗ ដោយ​មិន​គិត​លើ​ទំហំ និង​ទ្រព្យសម្បត្តិ​ឡើយ​។

​លោក​បាន​បន្តថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​កំពុងតែបន្ត​ជំរុញ​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន និង​ប្រែក្លាយ​អាស៊ាន​ឱ្យទៅជា​តំបន់​ដ៏​សំខាន់​មួយ​សម្រាប់​ពាណិជ្ជកម្ម ការវិនិយោគ និង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​សកល ហើយ​កម្ពុជា​នឹង​បន្ត​ជំរុញ​ឱ្យ​អាស៊ាន​ក្លាយជា សហគមន៍​ដ៏​រស់​រវើក ប្រកបដោយ​សុខដុមរមនា និង​មានការ​ការពារ​ពលក​រ​ចំណាកស្រុក មានការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​បៃតង​និង​បរិ​យា​ប័ន្ន និង​ជំរុញ​បរិ​វត្តិកម្ម​ឌី​ជិថ​ល​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រិន​ស្ត្រី និង​សហគ្រិន​វ័យក្មេង​៕​/PC