ដោយៈ​សុផល​/​ភ្នំពេញ​៖​អ្នកជំនាញ​ផ្នែក​អប់រំ​បាន​ជំរុញ​ឱ្យ​សិស្ស​និស្សិត​ជ្រើសរើស​មុខវិជ្ជា​វិទ្យាសាស្ត្រ​ឱ្យបាន​ច្រើន និង​ប្រកាន់យក​ឥរិយាបថ​ភាពជា​អ្នកដឹកនាំ ដើម្បី​កសាង​សមត្ថភាព​របស់ខ្លួន សម្រាប់​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន ខណៈ​បច្ចុប្បន្ននេះ​ការជ្រើសរើស​មុខវិជ្ជា​នេះ​នៅមានកម្រិត​នៅឡើយ​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​រង្វាន់​សិស្ស​និទ្ទេស A និង​ការប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ថ្នាក់​សិក្សា​ទី​១២ ឆ្នាំ​សិក្សា ២០២០-២០២១ ដល់​សិស្សានុសិស្ស​នៃ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង​សាលារៀន​ណ​ត្ស​ឡា​ញន៍ គ្រប់​សាខានាពេលថ្មៗនេះ ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​បាន​មាន​ប្រសា​ស​សន៍​ថា​៖ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ត្រូវការ​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ច្រើន​សម្រាប់​ការចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ ពិសេស​សម្រាប់​ការបណ្តុះបណ្តាល​ឱ្យក្លាយ​ជា​វិស្វករ ស្ថាបត្យករ អ្នកវិទ្យាសាស្ត្រ និង​អ្នកជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​។ ប៉ុន្តែ​តាម​ការកត់សម្គាល់​រប​ស់លោក​ឧកញ៉ា មាន​ចំនួន​និស្សិត​តិចតួច​ណាស់ ដែល​បាន​រៀន​បញ្ចប់​កម្រិត​មហាវិទ្យា​ល័យ​លើ​ជំនាញ​វិទ្យាសាស្ត្រ ។​

​ឧកញ៉ា ប៉ិច បូ​ឡែ​ន បាន​បន្តទៀតថា មូលហេតុ​ដែល​សិស្ស​មិន​ជ្រើសរើស​មុខវិជ្ជា​វិទ្យាសាស្ត្រ​នេះ​ដោយសារ​កក្តា​ខ្វះ​គ្រូ ហើយ​ជា​មុខវិជ្ជា​ស្មុគស្មាញ និង​ពិបាក​រៀន​។ ដូច​នេះ​​ទើប​សិស្ស​ជ្រើសរើស​មុខវិជ្ជា​ណា​ងាយស្រួល​រៀន និង​ប្រឡង​ជាប់​ដូចជា​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម​។​

​ទន្ទឹមនឹងនោះ លោក​ឧកញ៉ា​ក៏បាន​បង្ហាញ​ពី​ក្តីបារម្ភ​ចំពោះ​សិស្ស​និស្សិត​មួយចំនួន ដែល​បាន​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម ហើយ​បែរជា​ប្រឡង​ចូលរៀន​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សាដែល​ប្រើប្រាស់​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​ទៅវិញ ដូចជា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ភ្នំពេញ ឬ​នៅ​សាកលវិទ្យាល័យ​សុខាភិបាល​ជាដើម​។ ចំណែក​ឯ​សិស្ស​និស្សិត​មួយចំនួនទៀត​ជ្រើសរើស​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​នៅ​វិទ្យាល័យ ហើយ​បាន​ប្រឡង​ចូលរៀន​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​នៅ​មហាវិទ្យាល័យ​។ កត្តា​ផ្ទុយគ្នា​ទាំងពីរ​ខាងលើនេះ បានធ្វើ​ឲ្យ​និស្សិត​ដែល​ចេញពី​មហាវិទ្យាល័យ​ប្រឈម​នឹង​ការខ្វះ​សមត្ថភាព​បំពេញការងារ ដែល​អាច​ប៉ះពាល់​ដល់​អនាគត​រប​ស់​ខ្លួន និង​សង្គមជាតិ​ផងដែរ​។ ដូចនេះ ដើម្បី​ជៀសវាង​ការចាប់យក​ជំនាញ​ខុស​ទិសដៅ សាលារៀន​គួររៀបចំ​ការតម្រង់ទិស​អាជីព​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​កម្រិត​នៅ​វិទ្យាល័យ​។​

​ម្ចាស់​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​អំពាវនាវ​ដល់​អាណាព្យាបាល​គួរ​ចូលរួម​ប្រឹក្សា​យោបល់ និង​ពិនិត្យ​តាមដាន​លើ​ការសិក្សា និង​ការជ្រើសរើស​មុខវិជ្ជា​សិក្សា​ឲ្យ​បាន​ត្រឹមត្រូវ​តាម​សមត្ថភាព ចំណង់​ចំណូលចិត្ត និង​ទីផ្សារការងារ ព្រោះ​វា​ជា​អនាគត​របស់​កូន​ផង និង​ប្រទេសជាតិ​ផងដែរ​។​

​ដើម្បី​ក្លាយខ្លួនជា​បុគ្គល​ដ៏​ឆ្នើម​មួយរូប លោក​ឧកញ៉ា​ក៏បាន​ផ្តាំផ្ញើ និង​ផ្តល់​គន្លឹះ​មួយចំនួន​ដល់​សិស្ស​និស្សិត​ទាំងអស់​ត្រូវមាន​ចំណេះ​ច្បាស់លាស់ ជំនាញ​ពិតប្រាកដ ច​រិ​ក​ល្អ មាន​ចំណង់​និង​គោលដៅ​ជាក់លាក់ ព្រមទាំង​មាន​ចំណងទាក់ទង​ល្អ​ទាំង​ក្នុង​ការសិក្សា ការបំពេញ​ការងារ និង​ការប្រកប​អាជីវកម្ម​ផ្សេងៗ​។

​ចំពោះ​សិស្ស​និស្សិត​កំពុង​រៀន ឬ​រៀន​នៅតាម​មហាវិទ្យាល័យលោក​ឧកញ៉ា​បាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ការងារ​ស្ម័គ្រចិត្តនិង​កិច្ចការងារ​សង្គមដើម្បី​ទទួលបាន​បទ​ពិសោ​ធ​ន៍​ការងារ​ជាក់ស្តែង​ក្នុង​ពិភព​ការងារ និង​អាជីវកម្ម ហើយក៏​ងាយស្រួល​ទទួលបាន​ការ​ងារ​ក្រោយពេល​បញ្ចប់​ការសិក្សា​៕