ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិ ឆ្នាំ២០២២ ដែលកម្ពុជាជ្រើសរើសយកខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ ក្នុងនោះ អត្តពលិកកីឡាម៉ូតូទឹកកម្ពុជា ដណ្តើមបានមេដាយមាស បាន ៣ ក្នុងចំណោម អត្តពលិកជាង ៦០ នាក់ មកពី ៤ ប្រទេស។
លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានឱ្យដឹងថាៈ ព្រឹត្តិការណ៍ប្រកួតកីឡា ម៉ូតូទឹកកម្រិតអន្តរជាតិនេះ មានកីឡាករល្បីៗ កម្រិតអន្តរជាតិ និងពិភពលោក ចូលរួមប្រកួត ខណៈកម្ពុជា បានដាក់ ៧ វិញ្ញាសាចូលរួមប្រកួតប្រជែង ជាមួយនឹងប្រាក់រង្វាន់សរុប ៣ ម៉ឺនដុល្លាសហរដ្ឋអាមេរិក។
ជាលទ្ធផល កម្ពុជាឈរលេខ២ ដណ្តើមមេដាយសរុប ៨ គ្រឿង មាស ៣ ប្រាក់ ៣ និងសំរិទ្ធ ២ គ្រឿង។ លេខ១ គឺប្រទេសថៃ ដណ្តើមបានមេដាយសរុប ១២ គ្រឿង មាស ៤ ប្រាក់ ៣ និងសំរិទ្ធ ៥ គ្រឿង និងម៉ាឡេស៊ី លេខ៣ ដណ្តើមបានមេដាយប្រាក់ ១គ្រឿង។
លោក ប្រធានសហព័ន្ធ បានបន្តទៀតថាៈ ព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិនេះ ធ្វើឡើង ក្នុងគោលបំណងសំខាន់ៗ ចំនួន៣ គឺ៖
១. វាស់ស្ទង់សមត្ថភាពកីឡាករ និងគុណផលកីឡា សម្រាប់ត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជា។
២. វាស់ស្ទង់សមត្ថភាព គណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួត របស់សហព័ន្ធ ត្រៀមធ្វើជាម្ចាស់ផ្ទះនៅកម្ពុជា ឆ្នាំ២០២៣។
៣.ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្ពុជា ជាពិសេស បង្ហាញពីការចាប់ផ្តើមស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ ក្នុងនិងក្រោយស្ថានភាពវិបត្តិជំងឺកូវីដ-១៩។
លោក សុខ គាង រដ្ឋលេខាធិការ តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបាន ប្រឹងប្រែង ប្រើប្រាស់ចំណេះដឹង បទពិសោធន៍ សមត្ថភាពកាត់សេចក្តីការប្រកួត ដោយអនុវត្ត តាមគោលការណ៍បច្ចេកទេស ប្រកបដោយវិជ្ជាជីវៈ ផ្តល់យុត្តិធម៌ និងតម្លាភាព ដល់កីឡាករ និងបានរកឃើញនូវ កីឡាករឆ្នើម ដែលទទួលបានជ័យលាភី នៃការប្រកួតម៉ូតូទឹក នាពេលនេះ។
លោករដ្ឋលេខាធិការ សង្ឃឹម និងជឿជាក់ថាៈ តាមរយៈ ការប្រកួតនេះ នឹងធ្វើឱ្យអត្តពលិក កម្ពុជា និងមន្ត្រីរៀបចំការប្រកួត កាន់តែរីកចំរើន ទាំងសមត្ថភាព សិទ្ធផល ត្រៀមដណ្តើម មេដាយមាស ជូនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្ត្រលើកដំបូង ឱ្យទទួលបានជោគជ័យ។
កោក សុខ គាង បានបញ្ជាក់ទៀតថាៈ ក្រោមម្លប់សន្តិភាព និងការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសវិស័យកីឡា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ តាមរយៈចក្ខុវិស័យ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញា ចិត្តខ្ពស់ ខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ គ្រប់ទិដ្ឋភាព ទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យ អប់រំកាយ និងកីឡា ផែនការមេ ឆ្ពោះទៅឆ្នាំ២០២៣ ដោយផ្តោតលើការកសាងហេដ្ឋារចនា សម្ព័ន្ធកីឡា សម្រាប់ការហាត់ហ្វឹកហ្វឺន និងការប្រកួត ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងបរិមាណ និងគុណភាព និងការរៀបចំការប្រកួតកីឡាគ្រប់ប្រភេទ ប្រកបដោយ ស្តង់ដារ៕/V