ដោយៈ ប​.​ខុន / ភ្នំពេញៈ តំបន់​មាត់សមុទ្រ នៅ​បន្ត​មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម ទៅ​បង្គួរ រាល់ថ្ងៃ តែ​ល្បឿន​ខ្យល់​លើ​ផ្ទៃសមុទ្រ បាន​ចុះខ្សោយ​បន្តិច​មកវិញ ព្រម​ពេល​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២​ថាៈ តំបន់​មាត់សមុទ្រ នៅតែ​បន្ត​មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ រាល់ថ្ងៃ ខេត្ត​ផ្សេង​ពីនេះ នៅមាន​ភ្លៀង​ដែរ តែ​ក្នុង​កម្រិត​ពី​តិច ទៅ​មធ្យម និង​មិន​រាយប៉ាយ​ស្មើ​នោះទេ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាង​ខាងលើ បានបញ្ជាក់​ថាៈ តំបន់​មាត់សមុទ្រ នៅ​បន្ត​មាន​ភ្លៀង ធ្លាក់​ច្រើន តែ​ខ្យល់​លើ​ផ្ទៃ​ចុះខ្សោយ​បន្តិច​វិញ គឺ​មក​នៅក្នុង​ល្បឿន​ពី ១៥ ទៅ ១៦ ម៉ែត្រ ក្នុង​មួយ​វិនាទី​។ ប្រទេស​កម្ពុជា នៅពេលនេះ ស្ថិតក្រោម​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប និង​របប​ខ្យល់មូសុង​និរតី​។​

​ក្រសួង​ធនធាន​ទឹ​និង​ឧតុនិយម កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២៤ ខែឧសភា​ថាៈ​
​ព្រះរាជា​ណា​កម្ពុជា នៅក្នុង​សប្តាហ៍​នេះ នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ក្នុង​កម្រិត​មធ្យម និង​ខ្យល់មូសុង​នីរ​តី ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង អាច​បង្កឱ្យមាន​ភ្លៀង​ធ្លាក់ រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង លាយឡំ​ដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

​ក្នុង​សេចក្តីជូនដំណឹង បានសរសេរថាៈ ស្ថានភាព​បែប​ខាងលើនេះ ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល មាន​ស៊ីត​ណ្ហ​ភាព អប្ប​បរិ​មា​ពី ២៤ ទៅ ២៦ អង្សា​សេ ស៊ីត​ណ្ហ​ភាព អតិបរិមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ត​ពី​មធ្យម ទៅ​ខ្លាំង លាយឡំ ដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់ ។ នៅ​អំឡុង​ពីថ្ងៃ​២២ ដល់ ២៤ ខែឧសភា បរិ មាណទឹក​ភ្លៀង នឹង​ចុះថមថយ​បន្តិច​ទៅវិញ​។​

​សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាច​នឹងមាន​ភ្លៀង នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣២ ទៅ ៣៤ អង្សា​សេ​។ អាច​នឹងមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ទន្ទឹម​នោះ នៅលើ​ផ្ទៃសមុទ្រ ក៏​អាចមាន​ភ្លៀង​ផ្គរ រន្ទះ ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ផងដែរ​៕/V​