ដោយ ៖ សូ ហាន់ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញ:ពុធ សាវឿន អាយុ៦២ ឆ្នាំ កើតនៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សាវឿន រស់នៅក្នុងគ្រួសារកសិករដែលមានជីវភាពមធ្យម។

ពុធ សាវឿន អាយុ៦២ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

សាវឿន ជាកូនទី២ក្នុងចំណោមបងប្អូន៩នាក់។ សាវឿន ចូលរៀនដំបូងនៅសាលាបឋមសិក្សាជ្រៃ។ ក្រោយកើតមានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០សាវឿន បានឈប់រៀន។ សាវឿន និងក្រុមគ្រួសារបានផ្លាស់ទៅរស់នៅម្ដុំវត្តរមាសឈរ ស្ថិតនៅក្នុងឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយសារភ័យខ្លាចការទម្លាក់គ្រាប់បែក និងភ័យខ្លាចទាហានធីវគីចូលមកធ្វើបាប ប្លន់យកទ្រព្យសម្បត្តិ និងសត្វពាហនៈ។

ក្រោយពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ នៅទីក្រុងភ្នំពេញនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ សាវឿន ឃើញមានការជម្លៀសប្រជាជនចេញពីទីក្រុងមករស់នៅតាមទីជនបទ។ ប្រជាជនជម្លៀសពីទីក្រុងភ្នំពេញមករស់នៅតាមមូលដ្ឋាន បានរយៈពេលចំនួន៣ថ្ងៃតែប៉ុណ្ណោះ ក៏ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅទួលពោធិ៍ចាម (ឬទួលត្នោត) ដែលមានទីតាំងស្ថិតនៅខាងកើតវត្តព្រៃវៀរ។ សាវឿន បាននិយាយថា ពេលនោះ គាត់បានឃើញឈ្លបខ្មែរក្រហមបណ្ដើរមនុស្សទាំងហ្វូងៗយកទៅសម្លាប់ចោល។ ជារៀងរាល់ពេលកម្មាភិបាលខ្មែរក្រហមយកមនុស្សទៅសម្លាប់ គឺតែងតែចាក់មេក្រូដើម្បីកុំឲ្យសំឡេងស្រែករបស់ជនរងគ្រោះឮចេញមកខាងក្រៅ។ ឈ្លបខ្មែរក្រហមបានវះយកប្រមាត់របស់ជនរងគ្រោះមកដាក់ហាលទុក និងដើម្បីរាប់ចំនួនរាយការណ៍ជូនថ្នាក់លើ។

ចំណែកប្រជាជន ត្រូវបែងចែកជាពីរប្រភេទ គឺ ទី១) ប្រជាជនដែលរស់នៅក្នុងមូលដ្ឋានរំដោះ ចាត់ចូលជាប្រជាជនត្រៀម និង ទី២) ប្រជាជនដែលជម្លៀសមកពីទីក្រុងភ្នំពេញ ចាត់ចូលជាប្រជាជនថ្មី។ បន្ទាប់មក ខ្មែរក្រហមបានបែងចែកការរស់នៅរបស់ប្រជាជន គឺ កុមាររស់នៅដោយក្រុមកុមារ, យុវជនរស់នៅដោយក្រុមយុវជន និងមនុស្សចាស់រស់ដោយមនុស្សចាស់។ ចំណែកការហូបចុក មុនដំបូងខ្មែរក្រហមឲ្យប្រជាជនហូបបាយ តែ ក្រោយមកឲ្យហូបតែបបរលាយជាមួយ សម្លដើមចេកប៉ុណ្ណោះ។ កាលនោះ នៅក្នុងភូមិជ្រៃ មានរោងបាយរួមទាំងអស់ចំនួនបួនកន្លែង។
សាវឿន និងគ្រួសារខ្លួនរស់នៅលំបាកខ្លាំងណាស់ ដោយសារតែឪពុករបស់គាត់មានជាប់សន្តិសម្ព័ន្ធ (ជាប់និន្នានយោ បាយពីសង្គមចាស់)។ ខ្មែរក្រហមចាត់តាំង ឲ្យ សាវឿន ធ្វើជីដាក់ស្រែ បន្ទាប់មក ក៏បញ្ជូនគាត់ឲ្យទៅលើកប្រព័ន្ធប្រឡាយនៅឃុំឈើកាច់ ក្នុងស្រុកបាភ្នំ។ នៅទីនោះ ប្រធានកងបានបែងចែកជាក្រុមៗ ដោយមួយក្រុមមានសមាជិកចំនួន៊បីនាក់ និងត្រូវលើកប្រឡាយប្រវែង១២ម៉ែត្រឲ្យហើយក្នុងមួយថ្ងៃ។ សាវឿន បាននិយាយថា គាត់មានសំណាងដោយសារសមាជិកក្នុងក្រុមរបស់គាត់ឆ្លាត និងអាចលួចបន្លំចំនួនម៉ែត្របាន។ ក្រៅលើកប្រព័ន្ធប្រឡាយ ខ្មែរក្រហមប្រើ សាវឿន ឲ្យលើកប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយ។ សាវឿន បន្តថា នៅពេលគាត់ឈឺ គាត់មិនដែលហ៊ានប្រាប់ប្រធានក្រុមទេ ព្រោះគាត់ឃើញខ្មែរក្រហមបញ្ជូនអ្នកដែលសុំច្បាប់ឈឺទៅរៀនសូត្រ។ នៅពេលខ្មែរក្រហមបញ្ជូនអ្នកទាំងនោះទៅរៀនសូត្រហើយ គឺមិនដែលបានវិលត្រឡប់មកកងវិញទេ។
ក្រោយមក ខ្មែរក្រហមបានបញ្ជូន សាវឿន មកដកស្ទូង និងធ្វើស្រែ នៅឃុំពាមមុន្ទារ ស្រុកកំពង់ត្របែកវិញ។ សាវឿន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅជីកស្រះទំហំ៤ម៉ែត្រគុណ៤ម៉ែត្រ នៅភូមិជីពាយ និងទៅធ្វើការនៅភូមិក្រសាំងទងទៀត។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានវាយចូលមករំដោះប្រជាជន។ ពេលនោះ សាវឿន ឃើញអ្នកជិះសេះប្រកាសប្រាប់ប្រជាជនឲ្យវិលទៅភូមិកំណើតរបស់ខ្លួនវិញ ព្រោះកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដណ្ដើមបានជ័យជម្នះពីកម្លាំងរបស់ ប៉ុល ពត ហើយ។ សាវឿន ក៏ដូចប្រជាជនដទៃទៀតបានវិលត្រឡប់មកផ្ទះនៅក្នុងភូមិជ្រៃ និងជួបជុំគ្រួសារវិញ។

ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សាវឿន បានរៀបការជាមួយប្តីឈ្មោះ ហ៊ីវ សារុន និងមានកូនចំនួនប្រាំបីនាក់ ក្នុងនោះមានកូនស្រីបីនាក់។ គ្រួសាររបស់ សាវឿន រស់នៅមិនលំបាកដូចសម័យខ្មែរក្រហមទេ ព្រោះប្ដីរបស់គាត់មានប្រាក់បៀវត្សរ៍ ហើយគាត់អាចរកចំណូលបន្ថែមពីការចិញ្ចឹមសត្វ និងដាំបន្លែលក់យកប្រាក់មកផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសារ៕សរន