ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងសមាគម AIMF រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោង មួយចំនួនធំ ដែលនឹងជួយលើក កម្ពស់ ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ កាន់តែប្រសើរឡើង។
នេះជាការ លើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោក និងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍ សមាគមនិយាយភាសាបារាំង (AIMF) អញ្ជើញចូលរួម ក្នុងពិធីផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាល រាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ។
លោក នួន ផារ័ត្ន បានមានប្រសាសន៍ថាៈ បច្ចុប្បន្ន រាជធានីភ្នំពេញ បានទទួលនូវការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដោយបានប្រែក្លាយមុខមាត់ នៃរាជធានីដ៏ចំណាស់មួយនេះ ចូលក្នុងតួនាទីមួយ ក្នុងឆាកអន្តរជាតិផងដែរ។ ជាក់ស្ដែង រាជធានីភ្នំពេញ បានក្លាយជាសមាជិក ការិយាល័យ របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅឆ្នាំ២០០៣ ដែលក្នុងចំណោម សមាជិកទាំងអស់ ចំនួន ៣០៧ មានតែសមាជិកចំនួន ២៧ រូបប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោតជ្រើសតាំង ជាសមាជិកការិយាល័យអចិន្ត្រៃយ៍ របស់សមាគម។ នេះជាមោទកភាពមួយ របស់រាជធានីភ្នំពេញ ។
លោកបានបន្តថាៈ កាលពីដើមខែធ្នូ នៅឆ្នាំ២០១៩ រាជធានីភ្នំពេញ បានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និបាតប្រចាំឆ្នាំ របស់សមាគម AIMF ជាសន្និបាតលើកទី៣៩ និងជាខួបលើកទី ៤០ ឆ្នាំ នៃការបង្កើតសមាគម ដែលទទួលបាននូវ ភាពជោគជ័យខ្លាំងបំផុត ដែលបង្ហាញពី សក្តានុពលរបស់ រាជធានីភ្នំពេញ ក៏ដូចជា ព្រះរាជាណាចក្រកម្ពុជា ក្នុងឆាកអន្តរជាតិ។
លោក នួន ផារ័ត្ន បានបន្តទៀតថាៈ ក្រោមផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងសមាគម AIMF រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោង មួយចំនួនធំ ដែលនឹងជួយលើកកម្ពស់ ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។
ក្នុងពិធីនេះ ទី១ បានធ្វើបទបង្ហាញអំពី ការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់សមាគម AIMF ដែលមានទីតាំង នៅអគារនៃសាលារាជធានីភ្នំពេញ ចាប់ពីដើមឆ្នាំ២០២០ មក ជាការិយាល័យ អនុវត្តគម្រោងសម្របសម្រួល ជួយដល់កិច្ចសហការនានា របស់ក្រុមការងារ ផ្សេងៗ ក្នុងតំបន់អាស៊ីអាគ្នេយ៍ របស់សមាគម។
ទី២. ជាបទបង្ហាញអំពីគម្រោងការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនទល់នឹងគ្រោះទឹកជំនន់ ដែលបានរៀបចំតាក់តែងផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្ន សម្រាប់រាជធានី ភ្នំពេញ ។
ទី៣. បទបង្ហាញអំពី គម្រោងស្តីពី “ការពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិ នៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍ មិនទាន់រៀបរយ និងធានានូវលទ្ធភាព ក្នុងការទទួលបាននូវ សេវាសាធារណៈជាសារវន្ត”។
ទី៤. បទបង្ហាញរបស់គម្រោងតាក់តែងឯកសារទីក្រុងឆ្លាត ដែលបានចាប់ផ្ដើម នៅឆ្នាំ២០១៩ ដោយមានអ្នកជំនាញការ ជនជាតិបារាំង ជួយគាំទ្ររៀបចំ និងមានការផ្តល់ធាតុចូល ពីស្ថាប័នក្រសួង មន្ទីរ ជំនាញពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា។ ជាលទ្ធផល ឯកសារ « ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាត និងមានចីរភាព រាជធានីភ្នំពេញ ២០២១-២០៣៥” បានចេញជារូបរាង និងផ្សព្វផ្សាយ ដូចក្នុងថ្ងៃនេះ ដែលក្នុងនោះ បានកំណត់ការងារ កសាងទីក្រុងឆ្លាត លើវិស័យគន្លឹះចំនួន ៥ គឺការប្រើប្រាស់ដីធ្លី, សុវត្ថិភាព និង សន្តិសុខ, ចរាចរណ៍ក្នុងទីក្រុង, បរិស្ថានរស់នៅឆ្លាត និងអភិបាលកិច្ចឌីជីថល។
ទី៥ បទបង្ហាញអំពីគម្រោងការគ្រប់គ្រងសំណល់ភក់បង្គន់ ។ ជាលទ្ធផល គម្រោងសម្រេច បាន ឯកសារយុទ្ធសាស្ត្រ គ្រប់គ្រងសំណល់ភក់បង្គន់ ឆ្នាំ ២០៣៥ ជាភាសាខ្មែរ និង ភាសាអង់គ្លេស។ ឯកសារយុទ្ធសាស្ត្រគ្រប់គ្រង សំណល់ភក់បង្គន់ ឆ្នាំ២០៣៥នេះ បានបញ្ចប់ ក្នុងដំណាក់កាលទី១ នៃគម្រោង ដែលបានចង្អុលបង្ហាញ ដល់រាជធានីភ្នំពេញ គួរបានកសាង ស្ថានីយប្រព្រឹត្តកម្ម សំណល់ភក់បង្គន់ យ៉ាងហោចណាស់ ចំនួន ៤ ៕/V