ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ហួត ហៃ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី តាមបែបសាសនា នារសៀល ថ្ងៃទី២៣ ឧសភា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញ ក្រោមជំនួយរបស់សមាគម AIMF ដែលពិធីបើកការដ្ឋានសាងសង់ ជាផ្លូវការ ត្រូវធ្វើឡើង នៅថ្ងៃទី២៤ ឧសភា ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) ។
គួរបញ្ជាក់ថា ទីតាំងស្ថានីយ៍ប្រព្រឹត្តកម្មនេះ សាងសង់លើផ្ទៃដី ៣ ហិកតា ស្ថិតនៅភូមិភ្លើង ឆេះរទេះលិច ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល នាប៉ែងខាងត្បូង ឈៀងខាងលិច ដែលជាការរួមចំណែក កាត់បន្ថយជាតិពុល ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជុំវិញ និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងទីក្រុងផងដែរ មុននឹងបង្ហូរចូលទៅបឹង, ទន្លេធម្មជាតិ។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃ២៣ ឧសភា នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ទើបបាន ចុះហត្ថលេខា ជាមួយសមាគម AIMF លើការងារផែនការ ត្រៀមបំរុងសំរាប់ឆ្លើយតប សង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ, យុទ្ធសាស្ត្រ គ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវ យុទ្ធសាស្ត្រ ស្ដីពីទីក្រុងឆ្លាតវៃ និងមានចីរភាព ផងដែរ៕/V