ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក សុខ រស់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត និង​លោក ឃួន សាវុធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ចុង​សប្តាហ៍ កន្លងទៅនេះ នៅ​សាលប្រជុំ​ធំ អគារ ឃ សាលាខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​សិក្ខាសាលា ស្តីពី​ការយល់ដឹង នៃ​ការធ្វើ​អាជីវកម្ម​របស់ ពាណិជ្ជករ​កម្ពុជា ដើម្បី​កាត់បន្ថយ បញ្ហា​ប្រឈម​ផ្នែក​ផ្លូវច្បាប់ ។​

​សិក្ខាសាលា​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ប្រតិភូ​ក្រសួងពាណិជ្ជកម្ម ប្រតិភូ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក​ឧកញ៉ា សុខ រ៉ា​ដូ ប្រធានសភា​ពាណិជ្ជកម្ម ខេត្តស្វាយរៀង សមាជិក សមាជិកា សភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង វាគ្មិន​កិត្តិយស ព្រះរាជអាជ្ញារង​ខេត្ត តំណាង​កម្លាំងប្រដាប់អាវុធ​ទាំងបី លោក លោកស្រី ប្រធាន​មន្ទីរ​ពាក់ព័ន្ធ ក្នុង​ខេត្ត លោក​អភិបាលក្រុង ស្រុក តំណាង​ក្រុមហ៊ុន និង​ពាណិជ្ជករ អាជីវករ​ក្នុង​ខេត្ត សរុប​ចំនួន ១០២ នាក់ ។

​សូមបញ្ជាក់​ផងដែរ​ថាៈ សិក្ខាសាលា​នេះ រៀបចំឡើង ក្នុង​គោលបំណង ដើម្បីឱ្យ​អ្នកចូលរួម ទទួលបាន​ចំណេះ​បន្ថែម ពី​អ្នកជំនាញ មកពី​ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មក​ធ្វើ​បទ​បង្ហាញ​បកស្រាយ ពី​ច្បាប់​ពាក់ព័ន្ធ​ចំនួន​បួន រួមមាន​៖ ១.​ច្បាប់​ស្តីពី​វិនិយោគ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ២.​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​, ៣.​ច្បាប់​ស្តីពី​ការប្រកួត ប្រជែង​, ៤.​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា​៕/V​