ដោយ:មុនីរ័ត្ន/ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងថា ថ្ងៃទីបីនៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី២៣ ខែឧសភា ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ថ្ងៃទី២៣ ខែឧសភាជាថ្ងៃទីបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន នៅតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗ តាមលទ្ធភាព និងមធ្យោបាយផ្សេងៗរបស់គណបក្សនយោបាយនីមួយៗ។

ប្រភពដដែលបន្តថា តាមការសង្កេតឃើញថា សកម្មភាពឃោសនារបស់គណបក្សនយោ បាយក្នុងថ្ងៃទីបីនេះ ភាគច្រើនជាការជួបប្រជុំ ការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ ការចែកខិត្តប័ណ្ណតាមផ្ទះ និងមានសកម្មភាពហែក្បួនឃោសនាមួយចំនួនផងដែរ។

គ.ជ.ប បានបញ្ជាក់ថា ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕សរន