ដោយ:មុនីរ័ត្ន/ភ្នំពេញៈ នៅថ្ងៃទី២៣ ខែឧសភា នេះលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា ទំនុកចិត្ត ក្តីស្រលាញ់ និងការគាំទ្រដែលប្រជាពលរដ្ឋផ្តល់ជូនគណបក្សប្រជាជនកម្ពុជាយើង មិនអាចកើតមានឡើយប្រសិនបើថ្នាក់ដឹកនាំមូលដ្ឋានយើងមិននៅជាប់ជាមួយពួកគាត់ជាប្រចាំ ដឹងសុខដឹងទុក្ខ រួមដំណើរជាមួយគ្នា និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

លោកបន្តថា ជាក់ស្តែង ឆន្ទៈ និងការតាំងចិត្តប្រកបដោយទំនួលខុសត្រូវខ្ពស់របស់កម្មាភិបាលគណបក្សប្រជាជន ដែលតែងមានវត្តមានជាប់ជាមួយប្រជាជន បម្រើប្រជាជន ក៏ដូចជាបន្តកសាងសមិទ្ធផលនានាដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនោះ គឺជាទំនៀមទំលាប់ និងគម្រូសកម្មភាពដែលឥស្សរជនជាថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់ៗរូបតែងបានបង្ហាញ និងណែនាំដល់សមាជិក សមាជិកាជាកម្មាភិបាលគណបក្សមូលដ្ឋាន ក្នុងការបំពេញការងារមហាជនតាមទីតាំងរៀងៗខ្លួន។

ការបញ្ជាក់ខាងលើនេះរបស់លោក ហ៊ុន ម៉ានី នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនក្នុងមូលដ្ឋានឃុំជង្រុក និងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២៕