​​ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ បុរស​ម្នាក់ បាន​ស្លាប់ ដោយសារ​បើក​ម៉ូតូ​ចាស់ ភ្លើង​បំភ្លឺ​ផ្លូវ មិន​ភ្លឺ និង​បើក​ក្នុង​ល្បឿន​លឿន ហើយ​បាន​បុក​រថយន្ត ចត​ស្ងៀម ពេញទំហឹង កាលពី​យប់ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២២ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥៧B ស្ថិតក្នុង​ភូមិ​ឆ្កែ​កូន ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ។​

​លោក សេង លុច អធិការនគរបាល​ស្រុក​ថ្មគោល បាន​ប្រាប់ថាៈ បុរសរងគ្រោះ មានឈ្មោះ រើ​ន ប៊ុន​រ៉ង អាយុ ៣៧ ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ កន្លែងកើតហេតុ​។ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​បើក​ម៉ូតូ ត្រឡប់​មកពី​ធ្វើការ​វិញ​ម្នាក់ឯង ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច ស្រប​ទិស​គ្នា ដល់ទី​តាំង​កើតហេតុ ដោយសារ​ភ្លើង​បំភ្លឺ​ផ្លូវ មិនសូវ​ភ្លឺ​ច្បាស់ ក៏បាន​បើក​ម៉ូតូ បុក​រថយន្ត​ធុន​ធ្ងន់​មួយគ្រឿង ដែល​ចត​ស្ងៀម នៅលើ​ទ្រូងផ្លូវ ដោយ​គ្មាន​ផ្លាកសញ្ញា និង​ភ្លើង​បំភ្លឺ​ក្រោយ ក៏​បណ្តាល​ឲ្យ​បុក​បែកក្បាល និង​បាក់ ក ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។​

​ជនរងគ្រោះ ក្នុងករណីនេះ បើក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​១៩៩៧ ពាក់​ផ្លាកលេខ បាត់ដំបង ខ​-៤២៤១ ចំណែក​ភាគី​ខាង​រថយន្ត ក្រោយ​កើតហេតុ ត្រូវ​ម្ចាស់​ឡើង​បើក បម្រុង​រត់គេច ក៏ប៉ុន្តែ​ទំនង​ស្លន់ស្លោរ​ពេក បើក​បាន​បន្តិច ក៏​ចត​រថយន្ត ហើយ​ចុះ​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក នូវ​រថយន្ត ជា​វត្ថុតាង ម៉ាក Fuso ពណ៌​ខៀវ​លា​យស ពាក់​ផ្លាកលេខ បាត់ដំបង ៣A-០៤៤៦​។​

​នគរបាល​ផ្នែក​ជំនាញ​ស្រុក​ថ្មគោល បានប្រគល់​សំណុំរឿង ឱ្យកម្លាំង​នគរបាល​ចរាចរណ៍ ផ្លូវ​កោ​គ ខេត្តបាត់ដំបង ដើម្បី​អនុវត្ត​បន្ត តាមផ្លូវ​ច្បាប់​៕/V​