ដោយៈ ភ្នំខៀវ / បាត់ដំបងៈ អាជ្ញាធរខេត្តបាត់ដំបង បានអំពាវនាវទៅដល់អង្គការជាដៃគូ និងសប្បុរសជននានា បន្តជួយគាំទ្រដល់មនុស្សចាស់ ដោយសារមនុស្សចាស់ កាន់តែមានអត្រា កើនឡើងខ្ពស់ និងបានចូលរួមយ៉ាងសំខាន់ ដល់អ្នកជំនាន់ក្រោយ។
ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីដំណើរការបង្កើត សមាគមមនុស្សចាស់ អន្តរជំនាន់ និងពហុមុខងារ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ លោក ទុំ វីរ៉ា នាយកប្រតិបត្តិ អង្គការមនុស្សចាស់កម្ពុជា បានលើកឡើងថាៈ យោងតាមស្ថិតិជំរឿន នៅឆ្នាំ២០១៩ ប្រជាជនកម្ពុជា ចំនួន ១,៣៨ លាននាក់ ស្មើនឹង ៨,៩% នៃប្រជាជនសរុប ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើង ត្រូវបានគេរំពឹងថា នឹងកើនឡើង ៣ ដង នៅឆ្នាំ២០៥០។
លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បានឲ្យដឹងថាៈ កំណើននៃប្រជាជន វ័យចំណាស់នៅកម្ពុជា ជាបញ្ហាយ៉ាងសំខាន់ ដែលត្រូវការ ការយកចិត្តទុកដាក់ ប្រសិនបើ កម្ពុជាមិនបានរៀបចំ និងត្រៀមការឆ្លើយតប ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលានោះទេ កម្ពុជា ប្រឈមនឹងវិបត្តិ នៅក្នុងសង្គម ដែលមានមនុស្សវ័យចាស់ច្រើន និងត្រូវទទួលបន្ទុក ដោះស្រាយបញ្ហាជាច្រើន ដូចជា បញ្ហាសុខភាព សេដ្ឋកិច្ច សុវត្ថិភាពសង្គម និងបញ្ហាផ្សេងៗទៀត។
អភិបាលរងខេត្ត បានអំពាវនាវដល់បណ្តាអង្គការដៃគូពាក់ព័ន្ធទាំងអស់ បន្តជួយលើកកម្ពស់ កម្មវិធីគាំពារដល់មនុស្សចាស់ ឲ្យបានច្រើនថែមទៀត ពិសេសកម្មវិធីសន្សំប្រាក់ បង្កើតឲ្យ មានប្រអប់ប្រាក់សប្បុរសធម៌ ដាក់នៅតាមទីសាធារណៈ វត្តអារាម សណ្ឋាគារជាដើម ដើម្បីផ្តល់ឱកាសទៅដល់សប្បុរសជនទាំងឡាយ បានចូលរួមជួយឧបត្តម្ភគាំទ្រ ឲ្យបានសកម្ម ថែមទៀត សំដៅជួយទ្រទ្រង់ ដល់មនុស្សចាស់ លើកកម្ពស់សេចក្តីថ្លៃថ្នូរ ទទួលបានការថែទាំ និងព្យាបាលសុខភាព ដោយឥតគិតថ្លៃ៕/V