ភ្នំពេញ:កាលពីថ្ងៃទី ២០ ឧសភា ២០២២ ឯកឧត្តម ប៉ាន់យ៉ារក្ស ភូនសាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានដឹកនាំគណៈប្រតិភូនៃវិស័យឯកជនថៃនៅកម្ពុជាធ្វើដំណើរទៅកាន់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដើម្បីយល់ដឹងអំពីវឌ្ឍនភាពនៃការដំណើរការងាររបស់វិទ្យាស្ថាន និងសិក្សាស្វែងយល់អំពីទស្សនៈចំពោះវិស័យអប់រំតាមការតាំងព្រះរាជហឬទ័យរបស់ព្រះម្ចាស់ក្សត្រី មហាចក្រី សុរិន្ទថន និងបានរួមគ្នាបរិច្ចាគជារបស់ប្រើប្រាស់ សម្ភារៈបរិក្ខារវិជ្ជសាស្រ្ត សម្ភារៈសំណង់ និងឧបករណ៍ផ្សេងៗជាច្រើនទៀតជូនដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ការិយាល័យអប់រំស្រុងថ្ពង់ មន្ទីរពេទ្យបង្អែកអមលាំង វត្តត្រពាំងផ្នៅ ដើម្បីសាងនូវឱកាសការសិក្សានិងជាចំណែកមួយនៃការអភិវឌ្ឍន៍សហគមន៍ដែលនៅជុំវិញវិទ្យាស្ថាន ដើម្បីឲ្យមានការអភិវឌ្ឍន៍ព្រមៗគ្នាជាមួយវិទ្យាស្ថានបានយ៉ាងមានចីរភាព។

នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុន KUBOTA CAMBODIA ក្រុមហ៊ុន KUBOTA Leasing និងតំណាងចែកចាយ KUBOTA ភ្នំពេញ និងកំពង់ស្ពឺ បានរួមគ្នានៅក្នុងការបរិច្ចាកឧបករណ៍កសិកម្ម របស់ប្រើប្រាស់ និងកម្មវិធីបណ្ដុះបណ្ដាលការប្រើប្រាស់ និងថែទាំជូនដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺដើម្បីជាឧបករណ៍នៅក្នុងការបង្រៀននិងរៀនជូនដល់សិស្ស និសិត្ស និងដើម្បីបម្រើជាប្រយោជន៍ផ្នែកកសិកម្មដោយផ្ទាល់ជូនដល់វិទ្យាស្ថាននិងសហគមន៍ដែលនៅជុំវិញ៕សរន