ប្រែ​សម្រួលៈ​បំណង​(ST,Xinhua)៖ សហរដ្ឋ​អាម៉េរិក​«​កំពុង​លេង​ជាមួយ​ភ្លើង​» នេះ​បើ​តាម​អ្វី​ដែល​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ក្រុមប្រឹក្សា​រដ្ឋ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​ឧសភា បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​ប្តេជ្ញា​ការពារ​កោះ​តៃវ៉ាន់​ក្នុងករណី​កងកម្លាំង​ចិន​ប៉េកាំង​ចូល​ឈ្លានពាន​។​

​ការអះអាង​ធានា​របស់​លោកបៃ​ដិន កាលពី​ថ្ងៃ​ចន្ទ ជា​សម្តី​ធ្ងន់​បំផុត​សំរាប់​ប្រធានាធិបតី​អាម៉េរិក​ម្នាក់​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​តៃវ៉ាន់ និង​វា​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​អំពី​ការកើនឡើង​ឥ​ទ្ធិ​​ពល​សេដ្ឋកិច្ច​និង​យោធា​របស់​ចិន​នៅក្នុង​តំបន់​ និងប្រទេសធំបួនកំពុងជួបប្រជុំនៅជប៉ុនដើម្បីទប់ទល់ចិន។

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​របស់​រដ្ឋ​ចិន បាន​និយាយថា​អ្នកនាំពាក្យ​ការិយាល័យ​លោក ហ្ស៊ូ ហ្វេ​ង​លៀន​( Zhu Fenglian)​បាន​និយាយថា «​អាម៉េរិក​កំពុង​ប្រើ​សន្លឹក​បៀ​តៃវ៉ាន់​ដើម្បី​ទប់​កុំអោយ​ចិន​​ងើប​រួច​»​។​លោក​បាន​ទទូច​សុំ​អោយ​អាម៉េរិក​ឈប់​និយាយ​ឬ​ធ្វើ​សកម្មភាព​ណា​ដែល​រំលោភ​គោលការណ៍​ដែល​បាន​ព្រមព្រៀងគ្នា​រួច​ហើយ​ពីមុន​រវាង​ប្រទេស​ទាំង​ពីរ​។​

​សូម​រំលឹក​ថា នៅពេល​ត្រូវ​បាន​សួរថា​តើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ចូល​ពាក់ព័ន្ធ​ដោយ​យោធា​ដើម្បី​ការពារ​តៃវ៉ាន់​ដែរ​ឬទេ លោកបៃ​ដិន ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ជប៉ុន​បាន​តប​ថា «​បាទ​! វា​ជា​ការប្តេ​​ជ្ញា​ចិត្ត​របស់​យើង​»​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក វ៉ាង វិ​នប៊ីន ( Wang Wenbin)​បាន​និយាយថា អាម៉េរិក​គួរ​គោរព​តាម​គោលការណ៍​”​ចិន​តែមួយ​”​និង​សេចក្តីប្រកាស​រួម​ចំនួន​បី​រវា​ង​ចិន​និង​អាម៉េរិក​​ហើយ​ឈប់​បំផ្លាញ​គោលការណ៍​ចិន​មួយ ។​

តែ​ក្នុងការ​បង្ហោះ​តាម​បណ្តាញ​សង្គម អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​លោ​កណិត ប្រា​យ​(Ned Price)​បាន​និយាយថា ចិន​បន្ត​បកស្រាយ​ខុស​គោលនយោបាយ​អាម៉េរិក និង​ថា​អាម៉េរិក​នៅតែ​​គោរព​គោលការណ៍​ចិន​មួយ ក្រោម​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់ សេចក្តីប្រកាស​រួម​ចំនួន​បី និង​ការធានា​ចំនួន​ប្រាំមួយ​។​

​ទោះជា​យ៉ាងណា លោក​វ៉ាង​បាន​និយាយថា សម្តី​របស់​លោក​ប្រាយ ជា​ការ​ធ្វើ​អោយ​ខុស​ការ​ពិត​និង​ប្រវត្តិសាស្ត្រ​។​

​សូមបញ្ជាក់​ថា បញ្ហា​តៃវ៉ាន់​សំខាន់​និង​ជា​បញ្ហា​រសើប​បំផុត​មួយ​នៅក្នុង​ទំនាក់ទំនង​រវាង​ចិន​និង​អាម៉េរិក​។​ស្នូល​នៃ​បញ្ហា​តៃវ៉ាន់​គឺ​”​ចិន​មាន​តែ​មួយ មាន​ចិន​តែ​មួយ​នៅ​លើ​លោក រីឯ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​​ចិន​តែប៉ុណ្ណោះ​។​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​(​ចិន​ប៉េកាំង​)​ជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់​តំណាងអោយ​ចិន​ទាំងមូល​។​

​លោក​វ៉ាង បាន​និយាយថា​នេះ​ជា​ទស្សនទាន​ស្នូល​នៃ​គោលការណ៍​ចិន​មួយ ដែល​បាន​ក្លាយជា​ការមូល​មតិ​អន្តរជាតិ​និង​ជា​បទដ្ឋាន​គោល​សំរាប់​គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ​៕

​លោក​វ៉ាង​បាន​និយាយថា អត់​មាន​ការសម្របសម្រួល​តិចតួច​អី​ទេ​និង​មិន​ធ្វើ​សម្បទាន​មួយ​មី​លី​ម៉ែត្រ​ទេ​ស្តីពី​បញ្ហា​តៃវ៉ាន់​