ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ នេះ ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​១ និង​ភូមិ​ចក ជា​ម្ចាស់​សម្គាល់​អចលនវត្ថុ ឬ​ប័ណ្ណកម្មសិទ្ធិ លើ​កា​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែលមាន​ក្បាលដី ចំនួន ៣.២៥៤ ក្បាលដី ត្រូវ​រូតរះ​មក​ទទួលយក វិញ្ញាបនបត្រ សម្គាល់​ម្ចាស់ អចលនវត្ថុ ឬ​ប័ណ្ណកម្មសិទ្ធិ នៅក្នុង​ពិធី​មួយ នា​វត្ត​ស្វាយ​ចាស់ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​លោក អាង ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី ខេត្តបន្ទាយមានជ័យ បានឱ្យដឹង​។​

​លោក អាង ណា​រិ​ទ្ធ បានឱ្យដឹង​បន្តថាៈ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​១ និង​ភូមិ​ចក មាន​ក្បាលដី សរុប​ចំនួន ៣.២៥៤ ក្បាលដី ក្នុងនោះ ភូមិ​១ មាន​ក្បាលដី ១.៨១០ ក្បាលដី និង​ភូមិ​ចក មាន​ក្បាលដី ១.៤៤៤ ក្បាលដី ក្នុងនោះ មាន​ដី​លំនៅដ្ឋាន ដី​កសិកម្ម ដី​អាងទឹក ដី​វត្ត ដី​ទំនាស់ និង​ដី​គ្មាន​ទិន្នន័យ​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ ប័ណ្ណកម្មសិទ្ធិ​នេះ វា​មាន​ប្រយោជន៍​ណាស់ សំរាប់​ម្ចាស់​ដី ធានា​នូវ​សិទ្ធិ ស្របច្បាប់ ជា​ម្ចាស់​កាន់​ដីធ្លី និង​អាច​ស្នើសុំ លិខិតអនុញ្ញាត សាងសង់​ធ្វើការ អភិវឌ្ឍន៍​ដី និង​បើក​អាជីវ​កម្មបាន​។ ប័ណ្ណកម្មសិទ្ធិ​នេះ អាច​យកទៅ​ប្រើប្រាស់ ជា​របស់​បញ្ចាំ​នៅ​ធនាគារ ខ្ចីប្រាក់ ដើម្បី​ពង្រីក​មុខរបរ ឬ​អាជីវកម្ម បន្ថែមទៀត ៕/V​-PC