ដោយៈ សុផល / ភ្នំពេញ៖ លោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូនៃធនាគារពិភពលោក ដឹកនាំដោយលោក Benedict L.J Eijbergen ប្រធានគ្រប់គ្រងផ្នែកដឹកជញ្ជូន នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង។
អង្គប្រជុំ បានពិភាក្សា អំពីការបំពាក់សម្ភារឧបករណ៍ បញ្ចូលថាមពលយាន យន្តអគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់ យានយន្ត ប្រភេទនេះ ឱ្យបានកាន់តែទូលំទូលាយ នៅកម្ពុជា និងចូលរួមកាត់បន្ថយ ការបំពុលបរិស្ថាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថយន្តក្រុង (Bus) នៅខេត្តសៀមរាប ការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមបណ្ដារាជធានី-ខេត្តសំខាន់ៗ ជាពិសេសរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ និងគម្រោងអភិវឌ្ឍន៍មជ្ឈ មណ្ឌលភស្តុភារកម្ម ភ្នំពេញ (PPLC) ។
ជាមួយគ្នានោះ អង្គប្រជុំ ក៏បានពិភាក្សាផងដែរ អំពីស្ថានភាព នៃការអនុវត្ត គម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ក្រោមប្រាក់កម្ចីសម្បទាន ពីធនាគារពិភពលោក ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍ និងបង្កើន សុវត្ថិភាព ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។
គួរកត់សម្គាល់ថា ធនាគារពិភពលោក បានផ្តល់ការគាំទ្រ ដល់រាជរដ្ឋាភិបាល កម្ពុជា ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន នៅកម្ពុជា និងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាត សំដៅលើកកម្ពស់ សុខុមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង៕/V-PC