ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សត្វ​ចិញ្ចឹម​ក្នុង​ទឹក​របស់លោក ជើ​រី ហួ​ង (Jerry Huang) កម្រ​មាន​អារម្មណ៍​ដូចជា​វិញ្ញាណ​តែលតោល​ដូច​ហែល​ក្នុង​អាង​ចិញ្ចឹម​ត្រី​នោះឡើយ ពីព្រោះ​​ពួក​វា​ត្រូវ​បាន​បណ្តើរ​ដើរ​លេង​ជា​ប្រចាំ​។​

​នៅក្នុង​ទីក្រុង​តៃ​ជុង (Taichung) របស់​តៃវ៉ាន់ លោក​ហួង​ត្រូវ​គេ​មើលឃើញ​កំពុង​ជំរុញ​ការច្នៃប្រឌិត​ចុងក្រោយបង្អស់​របស់​គាត់ គឺ កែវ​ចិញ្ចឹម​ត្រី​កន្ទុយ​បី​នៅលើ​រទេះរុញ​។​

​លោក​ហួង​អាយុ ៣១ ឆ្នាំ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា “​កាលពីមុន មនុស្ស​បណ្តើរ​ឆ្កែ​និង​ឆ្មា​របស់​ពួកគេ ឥឡូវ​នេះ​ពួកគេ​បាន​យក​សេក​របស់​ពួកគេ​សម្រាប់​បណ្តើរ​ក៏​មាន​ពស់​និង​បង្គួ​យ​​ផងដែរ​”​។​

​គាត់​បាន​សួរ​ខ្លួនឯង​ថា “​តើ​មាន​ឱកាស​សម្រាប់​សត្វ​នៅក្រោម​ទឹក​ដើម្បី​រុករក​ផែនដី​ខាង​លើទឹក​ដែរ​ទេ​?”​។​

​លោក​ហួង ជា​អ្នក​ថតរូប​ដ្រូ​ន​ពី​លើ​មេឃ​ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត​តាមរយៈ​ការបង្កើត​មាតិកា​សម្រាប់​ឆា​នែ​ល YouTube​របស់គាត់ បាន​រកឃើញ​ដំណោះស្រាយ​មួយ​។​

​បន្ទាប់ពី​ចំណាយ​ពេល​ជាច្រើន​សប្តាហ៍​នៅ​ក្នុង​រោង​ជាង​របស់គាត់​ជាមួយនឹង​ការគិតគូរ​អំពី​ម៉ូត​រចនា រទេះរុញ​សម្រាប់​ត្រី​កន្ទុយ​បី​បាន​លេច​រូបរាង​ឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ផ្គុំ​ចូល​​គ្នា​នូវ​គ្រឿងបន្លាស់​ដែល​គាត់​ទុកចោល​នៅ​ជុំវិញ​រោង​ជាង​។​

​បំពង់​កែវ​ដែល​មើល​ទៅ​ដូច​យុគសម័យ​អវកាស (​តម្លៃ​ប៉ាន់ស្មាន ៣០០-៤០០ ដុល្លារ​) មាន​ស៊ីឡាំង​អាគ្រី​លីក (Acrylic)​ធំ​មួយ​ដែល​មាន​ទឹក​សម្រាប់​ឱ្យ​ត្រី​រស់នៅ​រួម​ផ្សំ​ជាមួយនឹង​ប្រព័ន្ធ​ចម្រោះ​ថា​ម​​ពល​អាគុយ​និង​ប្រព័ន្ធ​អុកស៊ីសែន​ដាក់​នៅ​ពីលើ​រទេះរុញ​ដែល​សាងសង់​ឡើង​យ៉ាង​ពិសេស​។​

​គាត់​បាន​និយាយថា “​ខ្ញុំ​បាន​ធ្វើ​ការស្រាវជ្រាវ​ជាច្រើន​មុនពេល​ខ្ញុំ​ចាប់ផ្តើម​បង្កើត​អាង​ចិញ្ចឹម​ត្រី​នេះ​។ វា​មិនមែន​ជា​គំនិត​ចេះតែ​នឹកឃើញ​ធ្វើ​ឡើង​នោះទេ​។ អ្នក​ត្រូវ​យល់​ពី​ត្រី​”​។​

​គាត់​បាន​សម្រេចចិត្តថា ត្រី​កន្ទុយ​បី​ដែល​រឹងរូស​និង​មិន​ខ្លាច​មនុស្ស គឺជា​ប្រធានបទ​សាកល្បង​ដ៏​ល្អ​បំផុត​។​

​លោក​ហួង​មាន​ភាពជឿជាក់​ខ្ពស់​ថា ត្រី​កន្ទុយ​បី​ច្បាស់​ជា​ចូលចិត្ត​ការ​ផ្សងព្រេង​មួយ​នេះ​៕

លោក​ហួង​បណ្តើរ​ត្រី​ដើរ​លេង​តាម​សួន​ជាមួយ​រទេះរុញ​កែច្នៃ​ថ្មី​របស់​គាត់