​ប្រែ​សម្រួលៈ​បំណង​(ST)៖​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​បង្ក​ការបែកបាក់​ដោយសារតែ​ការបញ្ចេញ​អ្វីដែល​ខ្លួន​ហៅ​ថា​«​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​(IPEF)»​ដោយ​ថា​វា​នឹង​បង្ខំ​អោយ​ប្រទេស​នានា​នៅក្នុង​តំបន់​ជ្រើសរើស​យករវាងភាគី​អាម៉េរិក​និង​ចិន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក វ៉ាង វិន​ប៊ីន បាន​និយាយថា ការប៉ុនប៉ង​ណាមួយ​ដោយ​អាម៉េរិក​ដើម្បី​«​លេង​នយោបាយ​ក្រុម​បក្ខពួក​»នៅ​អាស៊ី​ប៉ាស៊ីហ្វិក វានឹងបង្កបង្កើត​ក្រុម​ណា​តូ​ថ្មី​មួយទៀត ឬក៏​​សង្គ្រាមត្រជាក់​មួយ​ដែលនៅទីបំផុត​នឹង​មិន​ទទួល​ជោគជ័យ​ទេ​។​

​លោក​បាន​ប្រាប់​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា «​អាម៉េរិក​កំពុង​ព្យាយាម​ប្រើប្រាស់​ក្រប​ខណ្ឌ​នេះ​ដើម្បី​ដាក់​អោយ​ចិន​នៅ​ឯកោ តែ​នៅ​ទីបំផុត​នឹង​ធ្វើអោយ​ខ្លួនឯង​ឯកោ​ទៅវិញ​»​។​

​គំនិត​ផ្តួចផ្តើម​ពាណិជ្ជកម្ម​IPEF​នេះ​ត្រូវបាន​ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បញ្ចេញ​កាលពី​ថ្ងៃ​ចន្ទ ក្នុងពេល​ធ្វើ​ទស្សនកិច្ច​ជប៉ុន​។​វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​លោកបៃ​ដិន ដើម្បី​​បង្កើន​ការចូលរួម​ពាក់ព័ន្ធ​សេដ្ឋកិច្ច​របស់​អាម៉េរិក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្រោយ​អាម៉េរិក​ដើរចេញ​ពី​សន្ធិសញ្ញា​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​ឆ្លងកាត់​ប៉ា​ស៊ី​ហ្វីក​(TPP)​នៅ​ឆ្នាំ​២០១៧​។​

​ក្រៅពី​អាម៉េរិក ប្រទេស​ចំនួន​១២​បាន​ចុះហត្ថលេខា​លើ​IPEF រួមមាន អូស្ត្រាលី ព្រុយ​ណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូវ៉ែល​សេ​ឡង់ ហ្វីលីពីន សិង្ហ​បុរី កូរ៉េខាងត្បូង និង​វៀតណាម​។​

​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី បាន​សន្យាថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​បន្ត​ពង្រីក​ការបើកចំហ​កំរិត​ខ្ពស់ ជំរុញ​ការស្ថាបនា​គំរោង​ដែល​ហៅថា “​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​”​សម្រួល​ការតភ្ជាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ធានា​សន្តិសុខ​និង​ស្ថិរភាព​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​តំបន់​៕

​គំនិត​ផ្តួចផ្តើម​ពាណិជ្ជកម្ម​IPEF​នេះ​ត្រូវបាន​ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បញ្ចេញ​កាលពី​ថ្ងៃ​ចន្ទ ក្នុងជំនួប​នៅ​ទីក្រុង​តូ​ក្យូ​