ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣១ ខែឧសភា​ថាៈ ព្រះរាជា​ណា​កម្ពុជា នៅក្នុង​សប្តាហ៍​នេះ ទទួល​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូសបន្លាយ​លើ ភាគ​ខាងជើង ប្រទេស​ថៃ និង​ឡាវ ជាមួយនឹង​ខ្យល់មូសុង​និរតី កម្រិត​មធ្យម បង្កឱ្យមាន​ភ្លៀង ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា និង សីតុណ្ហភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។​ ​បណ្តា​រាជធានី ខេត្ត​នានា អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ និង​លាយឡំ ទៅដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា និង សីតុណ្ហភាព អតិបរមា មាន​ពី ៣២ ទៅ ៣៤ អង្សា​សេ​។ អាចមាន​ភ្លៀង នៅក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​២៦ ទៅ ២៩ ខែឧសភា ៕/V​