​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង់គ្លេស​កំពុង​សហកា​រ​ជាមួយ​សម្ពន្ធមិត្ត​លើ​ផែនការ​ដ៏​មាន​សក្ដានុពល​មួយ​ដើម្បី​បញ្ជូន​នាវាចម្បាំង​ទៅកាន់​កំពង់ផែ​សមុទ្រ​ខ្មៅ អូ​ដេសា (Odesa) ដើម្បី​ផ្តល់​ការការពារ​ដល់​កប៉ាល់​ដែល​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុ​យក្រែន​។​

​រដ្ឋមន្ត្រីការបរទេស​លី​ទុយ​អា​នី​លោក ហ្គា​ព្រីលៀ​ស លែ​ន​ស្បឺ​ហ្គីស (Gabrielius Landsbergis)​បាន​និយាយ​កាល​ចន្ទ​ទី​២៣​ឧសភា​ថា លោក​បាន​ពិភាក្សា​អំពី​ការបង្កើត “​ច្រករបៀង​ការពារ​” បែប​នេះ​ពី​កំពង់ផែ​អូដេ​សាជា​មួយ​រដ្ឋមន្ត្រីការបរទេ​ស​អង់គ្លេស​លោកស្រី លី​ស ត្រាស់ (Liz Truss) ។​

​លោក​ក៏​និយាយ​ផងដែរ​ថា “​សម្ពន្ធ​ឆន្ទៈ​” ដែល​បង្កើតឡើង​ដោយ​ប្រទេស​ណា​តូ​និង​ប្រទេស​ផ្សេង​ទៀត​ដែល​ពឹងផ្អែក​លើ​គ្រាប់​ធញ្ញជាតិ​ដូចជា​អេ​ហ្ស៊ី​បប្រហែលជា​មានឆ​ន្ទៈក្នុង​ការប្តេជ្ញា​ចិត្ត​លើ​ធនធា​ន​​យោធា​ដើម្បី​ពង្រឹង​ការការពារ​និង​ទប់ស្កាត់​កង្វះ​ស្បៀង​អាហារ​ដែល​កំពុង​រីក​រាលដាល​។​

​យោង​តាម​កាសែត The Times ផែនការ​នេះ​នឹង​ឃើញ​កងទ័ពជើងទឹក​របស់​សម្ពន្ធមិត្ត​បោសសម្អាត​មីន​របស់​រុស្ស៊ី​ពី​តំបន់​ជុំវិញ​កំពង់ផែ​ភាគ​ខាងត្បូង​នេះ​មុន​ពេល​ការពារ​កប៉ាល់​ដឹក​ទំនិញ​ដែល​ផ្ទុក​​ផលិតផល​សំខាន់ៗ​ពី​នាវាចម្បាំង​របស់​លោក​ពូ​ទីន​។​

​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ​ក៏​នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​រារាំង​រាល់​ការប៉ុនប៉ង​របស់​រុស្ស៊ី​ក្នុង​ការបំផ្លិចបំផ្លាញ​ច្រករបៀង​ផងដែរ​។​

​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​បាន​ពន្លឿន​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​ដែ​ល​ជិត​មកដល់​ដោយ​បរិមាណ​ដ៏​ច្រើន​នៃ​គ្រាប់​ធញ្ញជាតិ​និង​ទំនិញ​សំខាន់ៗ​ផ្សេងទៀត​បាន​ជាប់គាំង​នៅក្នុង​ឃ្លាំង​​ខណៈ​ដែល​សង្គ្រាម​បាន​ផ្ទុះឡើង​។​

​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​រួម​គ្នា​នាំ​ចេញ​ស្រូវ​សាលី​និង​ស្រូវ​បាឡេ​មួយ​ភាគ​បី​របស់​ពិភពលោក​និង​ពាក់កណ្តាល​នៃ​ប្រេង​ផ្កាឈូករ័ត្ន​របស់ខ្លួន ខណៈ​រុស្ស៊ី​គឺជា​អ្នក​ផ្គត់ផ្គង់​ជីរ​កសិកម្ម​កំពូល​របស់​ពិភពលោក​។​

​កងកម្លាំង​របស់​វិមាន​ក្រឹម​ឡាំង​ត្រូវបាន​ចោទប្រកាន់​ថា​បាន​បិទ​ច្រក​របស់​អ៊ុយ​ក្រែ​នហើយ​ការរំខាន​ការនាំចេញ​ដែល​កំពុង​គំរាមកំហែង​ដល់​កង្វះ​ស្បៀងអាហារ​និង​បង្កចលាចល​នយោបាយ​​នៅក្នុង​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក មជ្ឈិម​បូព៌ា និង​អាស៊ី​៕

​អង់គ្លេស​កំពុង​ពិចារណា​បញ្ជូន​នាវាចម្បាំង​ការពារ​គ្រាប់​ធញ្ញជាតិ​ដឹក​ចេញពី​អ៊ុ​យក្រែន