ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានបណ្តាញទូរទស្សន៍ដែលគាំទ្រដោយរដ្ឋរុស្ស៊ី RT បាននិយាយថា “អ្វីៗនឹងបញ្ចប់យ៉ាងអាក្រក់សម្រាប់មនុស្សជាតិទាំងអស់” ប្រសិនបើរុស្ស៊ីមិនទទួលបានជ័យជម្នះផ្នែកយោធាប្រឆាំងនឹងអ៊ុយក្រែនទេនោះ ដោយលោកស្រីបានបង្ហើបតម្រុយអំពីការវាយប្រហារនុយក្លេអ៊ែរប្រសិនបើប្រទេសនេះចាញ់សង្គ្រាម។
ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយរដ្ឋរុស្ស៊ីភាគច្រើនចាប់ផ្តើមមានឈ្មោះល្បីខាងរឿងអាក្រក់សម្រាប់ការនិយាយប្រឆាំងអ៊ុយក្រែនចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ប៉ុន្តែការលេងសម្តីចុងក្រោយបង្អស់គឺកើតចេញពីលោកស្រី ម៉ាហ្គារីតា សាយម៉ុនយ៉ាន (Margarita Simonyan) របស់ទូរទស្សន៍ RT ដែលបានសិក្សានៅសហរដ្ឋអាម៉េរិកហើយបានប្រាប់ទស្សនិកជនរុស្ស៊ីថា ពួកគេគួរតែរីករាយចំពោះការពិតដែលថា កូនៗរបស់ពួកគេនឹងមិនទទួលបានការអប់រំពីលោកខាងលិចទៀតទេ។
លោកស្រីបាននិយាយកាលពីថ្ងៃចន្ទថា “ពួកគេទាំងអស់គ្នាជឿថាយើងនឹងចាញ់ ហើយលោកខាងលិចនឹងឈ្នះ។ ពួកគេមិនយល់ថាវាជារឿងមិនអាចទៅរួចនោះទេ។ វាជារឿងមិនអាចទៅរួចនោះឡើយ វានឹងមិនកើតឡើងនោះឡើយ”។
លោកស្រីបាននិយាយថា “ទោះជាយើងឈ្នះឬវាត្រូវបញ្ចប់យ៉ាងអាក្រក់សម្រាប់មនុស្សជាតិក៏ដោយ ក៏វាគ្មានវិធីផ្សេងនោះឡើយ” ដែលហាក់បង្ហើបឱ្យដឹងអំពីការធ្វើសង្គ្រាមនុយក្លេអ៊ែរប្រសិនបើរុស្ស៊ីមិនឈ្នះនៅក្នុងជម្លោះនេះ៕
ប្រធានទូរទស្សន៍ RT លោកស្រី ម៉ាហ្គារីតា សាយម៉ុនយ៉ាន