ដោយៈ ជា សីហ/ភ្នំពេញៈ គណៈប្រតិភូ និងសិល្បករសិល្បការិនី នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួម និងសម្ដែងសិល្បទស្សនីយភាព ក្នុងពិធីទទួលទង់កីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា “ទង់ស៊ីហ្គេម” នៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ។
គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលអញ្ជើញទទួលទង់នេះ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
ដើម្បីចូលរួមអបអរសាទរពិធីប្រគល់-ទទួលទង់ស៊ីហ្គេមនេះ គណៈប្រតិភូ និងសិល្បករសិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ចំនួន៦៣រូប បានអញ្ជើញចូលរួម និងសម្ដែងសិល្បទស្សនីយភាព ដោយបង្ហាញជូននូវរបាំក្បាច់បុរាណខ្មែរ គុនល្បុក្កតោ របាំសហសម័យ និងចម្រៀងជាពួក ក្រោមចំណងជើង “កម្ពុជាសូមស្វាគមន៍កីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២”។.mara