ដោយៈ មេសា​/​ភ្នំពេញៈ លោក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាន​ជាតិ​កម្ពុជា បាន​ពន្យល់ និង​សំណូមពរ​ថា « ការអត់ធ្មត់ ការ​ស៊ូទ្រាំ ការ​លាក់បាំង ឬ ការអត់ឱន​ចំពោះ​អំពើហិង្សា ពុំមែន​ជា​ដំណោះស្រាយ​ឡើយ ។ ទាំង​អ្នក​ដែល​ទទួលរង​អំពើហិង្សា ទាំង​គ្រួសារ ទាំង​សាធារណជន​ទូទៅ ក៏ដូចជា​ក្រសួង​ស្ថាប័ន​ទាំងអស់ ត្រូវតែ​រួមគ្នា​ប្រឆាំង​ដាច់ខាត​ចំពោះ​អំពើហិង្សា​គ្រប់​ទម្រង់ គ្រប់​រូបភាព គ្រប់​ទីកន្លែង និង​គ្រប់​ករណី ពេល​ឃើញ​អំពើហិង្សា​កើតឡើង មេត្តា​កុំ​ព្រងើយកន្តើយ ឬ​គិតថា​ជា​កាតព្វកិច្ច​របស់​បុគ្គ​ល​ណា ក្រុម​ណា ឬ ក្រសួង​ស្ថាប័ន​ណា សូមមេត្តា​រាយការណ៍​ទៅ​អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច ដើម្បី ចាត់វិធានការ​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ជាពិសេស​កុំ​អនុវត្ត​អំពើហិង្សា​ណាមួយ​ដោយ​ខ្លួនឯង » ។

លោកជីវ ផល្លី ពេលផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតី នៃ ការបើកយុទ្ធនាការប្រឆាំងអំពើហិង្សា

​លោក ជីវ ផល្លី នៅក្នុង​ពិធី​បើក​យុទ្ធនា​ប្រឆាំង​អំពើហិង្សា នា​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ នេះ ក្រោម​ប្រធានបទ ឈប់​ទ្រាំ​នឹង​អំពើហិង្សា មាន​អាជ្ញាធរ និង​អ្នកជំនាញ​ចាំ​ជួយ​អ្នកជា​និច្ច ដែល​យុទ្ធនា​ការប្រឆាំង​អំពើហិង្សា​នេះ ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រសួង​ស្ថាប័ន​មួយចំនួន​ដូចជា​ការិយាល័យ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រឹដ្ឋ​កម្ម ប្រចាំ​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា UNODC អគ្គស្នងការ​នគរ​បា​នល​ជាតិ​កម្ពុជា ក្រសួង​កិច្ចការនារី និង​ការិយាល័យ​កិច្ចការបរទេស នៃ​សហព័ន្ធ​អាល្លឺម៉ង់ ជាដើម ។​

​យុទ្ធនាការ​នេះ​នឹង​ធ្វើឡើង​ត្រឹមតែ​រយៈពេល ៦ ខែ ដោយ​ផ្តោតទៅលើ​ខណ្ឌ​ចំនួន ៣ នៅក្នុង​រាជធានី​ភ្នំពេញ ក៏ពិតមែន ប៉ុន្តែ​ខ្លឹមសារ និង​គោលបំណង ក៏ដូចជា​ការងារ​ប្រឆាំង​អំពើហិង្សា​នេះ មិនមែន​មានន័យថា មាន​វិសាលភាព និង​ពេ​វេលា​ត្រឹមតែ​ប៉ុណ្ណេះ​ទេ គឺ​ធាតុពិត​កិច្ចការ​ប្រឆាំង​អំពើហិង្សា​នេះ ត្រូវបាន និង​កំពុង​ធ្វើ​តាំងពី​ច្រើន​ឆ្នាំ​មកហើយ ហើយក៏​នឹង​បន្តធ្វើ​ទៅមុខទៀត​នៅ​ទូទាំងប្រទេស ហើយ​កន្លងមក ក៏​ទទួលបាន​លទ្ធផល​ច្រើន​ណាស់ដែរ ជាក់ស្តែង គិត​ត្រឹមតែ​ឆ្នាំ​២០២១ កន្លងទៅ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បង្ក្រាប​អំពើហិង្សា​ក្នុង​គ្រួសារ បាន​ចំនួន ២៨៤ ករណី ឃាត់ខ្លួន ២៨៤​នាក់ (​ស្រី ០១​នាក់​) កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ សង្គ្រោះ​ជនរងគ្រោះ ៣០១​នាក់ បញ្ជូនទៅ​ក្រុមគ្រួសារ​។​

​ចំណែក​លោកស្រី ស ស៊ី​ណែ​ត អគ្គនាយិកា​រង នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម នៃ​ក្រសួង​កិច្ចការនារី ដែល​ត្រូវបាន​ទទួលស្គាល់ថា​ជា​ជើងឯក​ប្រឆាំង​អំពើហិង្សា​ទាក់ទង​នឹង​យែ​ន​ឌ័​រ បាន​លើកឡើងថា ការចូលរួម​របស់​សាធារណជន និង​ក្រសួង​ស្ថាប័ន​នានា គឺជា​កិច្ច​ការសំខាន់​ពុំ​អាច​ខ្វះ​បានឡើយ​ក្នុងការ​ប្រឆាំង​អំពើហិង្សា ព្រោះ​អំពើហិង្សា​ពុំមែន​ជា​កិច្ចការ​របស់​ក្រសួង​ស្ថាប័ន​ណា ក្រុម​ណា ភាគី​ណា ឬ​បុគ្គល​ណា​តែ​ឯកឯង​ឡើយ ប៉ុន្តែ​វា​ជា​កិច្ច​ការដែល​ទាមទារ ឬ​តម្រូវឱ្យមាន​ការចូល​រួម​ទាំងអស់គ្នា​៕​