​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ សំណល់​ភក់​បង្គន់ របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​ប្រមាណ​២៦.០០០ ម៉ែត្រគូប​ក្នុង​មួយឆ្នាំ និង​បាន​បន្ត​កើន​ឡើងជា​លំដាប់ ហើយ​តាម​ការប៉ាន់ស្មាន​នៅ​ឆ្នាំ​២០៣៥ សំណល់​ភក់​បង្គន់​របស់​ប្រជាពលរដ្ឋ​នៅ រាជធានី​នឹង​កើនឡើង​ដល់ ៣៣០.០០០ ម៉ែត្រគូប​ក្នុង​មួយឆ្នាំ ដែល​ទាមទារ​ឱ្យមាន​ការរៀបចំ​អាង​ប្រព្រឹត្ត​កម្ម​សំណល់​ភក់​បង្គន់​នេះ​ឱ្យបាន​ត្រឹមត្រូវ ស្របតាម​ស្តង់ដា​បច្ចេកទេស ដែល​មិន​ធ្វើអោយប៉ះពាល់​បរិស្ថាន​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​ក្នុងឱកាស​ដែល​លោក​និង​លោក ព្យែ​រ ប៊ែ​យ៉េ លេខាធិការ​អចិន្ត្រៃយ៍ នៃ​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ស្ថានីយ ប្រព្រឹត្ត​កម្ម​សំណល់​ភក់​បង្គន់​” មាន​ទីតាំង​ស្ថិតនៅក្នុង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២​ថា រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង ទាំង​បែប​ទូលាយ និង​បែប​ជម្រៅ ក្នុងនោះ ព្រំប្រទល់​រដ្ឋបាល​ត្រូវបាន​ពង្រីក ពី ៣០០ ទៅ ៦៩២,៤៦ គីឡូម៉ែត្រ​ក្រឡា មាន​ប្រជាជន​រស់នៅ និង ស្នាក់នៅ​បម្រើ​ការងារ​ប្រមាណ ៣​លាន​នាក់ ។​ទន្ទឹម​និង​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​តម្រង់ទិស​នៃ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្នុង​រាជធានី​ភ្នំពេញ ឱ្យ​យកចិត្តទុកដាក់​ដោះស្រាយ ការកកស្ទះ​៖ ០៣ យ៉ាង នោះ​គឺ “​ទី​១-​ការកកស្ទះ​ចរាចរណ៍​, ទី​២-​ការកកស្ទះ លូ​-​ប្រឡាយ និង​ទី​៣-​ការកកស្ទះ​៖​សំរាម​” ព្រោះថា ជា​កត្តា​សត្យានុម័ត សេដ្ឋកិច្ចជាតិ​កើនឡើង​, ទីក្រុង​កាន់តែ​រីក​, ប្រជាជន​កាន់តែច្រើន​, សម្ភារៈប្រើប្រាស់​កាន់តែ​សំបូរបែប ដូច្នេះ ការផ្តល់សេវា​តម្រូវកា​រ និង សេវា​សំណូមពរ​ជូន​ប្រជាពលរដ្ឋ ក៏ត្រូវ​មានការ​កើនឡើង​ដោយ​ចៀស មិន​រួច​។​

​លោក​បន្តថា យោងតាម​ការសិក្សា នៅ​ឆ្នាំ​២០០១ សំណល់​ភក់​បង្គន់ របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​ត្រឹមតែ ២៦.០០០ ម៉ែត្រគូប​ក្នុង​មួយឆ្នាំ និង​មានការ​កើនឡើង​ជា​លំដាប់ ហើយ​តាម ការ​ប៉ាន់​ស្ទា​ន​នៅ​ឆ្នាំ​២០៣៥ សំណល់​ភក់​បង្គន់​របស់​ប្រជាពលរដ្ឋ​នៅ រាជធានី​ភ្នំពេញ នឹង​កើន​ឡើងដល់ ៣៣០.០០០ ម៉ែត្រគូប​ក្នុង​មួយឆ្នាំ ពោលគឺ​កើនឡើង​ជិត ១៣ ដង ដូច្នេះ ទាមទារ​ឱ្យ​យើង​ត្រូវ​យកចិត្ត ទុកដាក់​គ្រប់គ្រង ជាពិសេស​រៀបចំ​អាង​ប្រព្រឹត្ត​កម្ម​សំណល់​នេះ ឱ្យបាន ត្រឹមត្រូវ ស្របតាម​ស្តង់ដា​បច្ចេកទេស​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បន្តថា “​នេះហើយ​គឺជា​កម្ពុជា​ពិត​” ដែល​ក្នុងពេល​អតីតកាល យើង គ្មាន​ឡើយ​តម្រូវការ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ប្រភេទ​នេះ ព្រោះ​ប្រជាជន យើង​មាន​ជីវភាព​ខ្វះខាត គា្មន​អាហារ​បរិភោគ​គ្រប់គ្រាន់ និង​គ្មាន​ឡើយ​ស្តង់ដា​រស់នៅ ប៉ុន្តែ ក្នុងសម័យ​តេ​ជោ ជីវភាព​ប្រជាជន​យើង​កាន់​តែមាន​ភាពល្អប្រសើរ នឹងមាន​អាហារ​បរិភោគ​គ្រប់គ្រាន់ ដូច្នេះ​៖ ស្តង់ដា នៃ​ការ​រស់នៅក្នុង​ទីក្រុង ក៏​ត្រូវតែ​លើកកម្ពស់​ឱ្យ​កាន់តែ​ប្រសើរឡើង ជា​លំដាប់​ផងដែរ​។ រាជធានី​ភ្នំពេញ គឺ​ពិត​ជាមាន​ភាពចាំបាច់ និង​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​លើកកម្ពស់​អនាម័យ​សាធារណៈ ឆ្លើយតប​ទៅនឹង​អត្រាកំណើន ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីក​ទីក្រុង និង ការកើនឡើង​ផ្នែក​ជីវភាព​-​តម្រូវ​ការរស់នៅ​កាន់តែ​ស៊ី​វិ​ល័យរ​បស់ បងប្អូន​ប្រជាពលរដ្ឋ ក្នុងនោះ គម្រោង​នេះ នឹង​ផ្តល់នូវ​អត្ថប្រយោជន៍ សំខាន់​ចំនួន ៣ រួមមាន (​ទី​១) អត្ថប្រយោជន៍​ផ្នែក​បរិស្ថាន តាមរយៈ ការគ្រប់គ្រង​សំណល់​ភក់​បង្គន់​បាន​ត្រឹមត្រូវ (​ទី​២) អត្ថប្រយោជន៍ ផ្នែក​សង្គម តាមរយៈ​ការបង្កើត​ការងារ និង​កែច្នៃ​សំណល់​ភក់​បង្គន់​ទៅ ជា​ជីសរីរាង្គ កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី និង (​ទី​៣) អត្ថប្រយោជន៍ ផ្នែក​សេដ្ឋកិច្ច តាមរយៈ​ការលក់​ជីសរីរាង្គ​ដែល​ផលិត​បាន​ទៅក្នុង​ទីផ្សារ កសិកម្ម ឬ អាច​និយាយបានថា “​យក​សំណល់ គ្រប់គ្រង​សំណល់​”​។​

​លោក ព្យែ​រ ប៊ែ​យ៉េ លេខាធិការ​អចិន្ត្រៃយ៍ នៃ​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង​បាន​មានប្រសាសន៍​លើកឡើង​ផងដែរ ការរៀបចំ​អាង​ប្រព្រឹត្ត​កម្ម​សំណល់​ភក់​បង្គន់​នេះ ជា​គោលនយោបាយ​មួយ​ធ្វើអោយ​ប្រសើរឡើង នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ ប្រកបដោយ​សុខមាលភាព ដោះស្រាយ​បំ​រែ​ល​បំ​រួល​អាកាសធាតុ ។ សំណល់​ភក់​បង្គន់​នេះ​នឹង​ប្រែក្លាយ​ទៅជា​ជី​សំរាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​កសិកម្ម ហើយ​វា​នឹង​ផ្តល់​ការងារ​ជូន​ក្រុមហ៊ុន​តូចតាច មានការ​ងារ​ធ្វើ​ផងដែរ​៕​