​ដោយៈ ជា សីហ​/​ភ្នំពេញៈ លោក លី ធុច ទេសរដ្ឋមន្ត្រី បាន​អះអាងថា កម្ពុជា​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង ជា​អនុប្រធាន​សន្និបាត​លើក​ទី​៧៨ នៃ UNESCAP នា​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

​លោក​បាន​បន្តថា នា​ថ្ងៃ​ដដែល លោក បានធ្វើ​សេចក្តីថ្លែងការណ៍ អំពី​ឆ​ន្ទះ​របស់​រាជរដ្ឋាភិបាល កម្ពុជា ក្នុងការ​ចូលរួម​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្រោម​ក្របខ័ណ្ឌ​ពហុភាគី និយម ដើម្បី​ស្តារឡើងវិញ​នូវ​ស្ថានភាព សង្គម​-​សេដ្ឋកិច្ច និង​លើកកម្ពស់​វិបុលភាព​សម្រាប់​ទាំងអស់គ្នា នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៨ របស់ UN ESCAP ។

​លោក​បាន​បន្តថា ការប្តេជ្ញា​របស់​កម្ពុជា​ចូលរួម​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​អនុវត្ត​របៀបវារៈ​រួម ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការគាំទ្រ​របស់​កម្ពុជា ទៅលើ​ការអនុម័ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​២០១៥ និង​ការដាក់ចេញ​នូវ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ ២០១៦-២០៣០ ដែលមាន ១៨​គោលដៅ ហើយ​គោលដៅ​ទី​១៨ គឺ “​កម្ពុជា​គ្មាន​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​”​។

​កាលពី​ម្សិលមិញ​នេះ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ថ្លែង​បើក​តាម​វីដេអូ​នូវ​អង្គសន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៨ របស់​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ នេះ​ផងដែរ ។

​លោក លី ធុច បាន​បន្តថា ព្រឹក ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ លោក​ក៏បាន​ជួប ពិភាក្សា ការងារ​ជាមួយ លោកស្រី អា​មី​ដា សាល់​សា​ស្វ អា​លី​សចា​បា​ណា ( Armida Salsiah Alisjahbana) អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ និង​ជា​ប្រធាន UNESCAP នៅ ទីក្រុង បាងកក ប្រទេស ថៃ​៕​