ដោយ: ចាន់តូ/ភ្នំពេញ: យុវសិស្សពីរនាក់ ត្រូវបានរថយន្តដឹកស៊ីទែនប្រេង បើកបុកម៉ូតូពីក្រោយ កាលពីវេលាម៉ោង១១:២០នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
បើតាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ យុវសិស្សរងគ្រោះបានជិះម៉ូតូម៉ាកហ្ស៊ូមមឺរ គ្នាពីរនាក់ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ១K-១០៦៤ ចេញពីសាលារៀនជម្ពូវ័ន ពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាក CHENGLONG ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣F-៩៤៧៣ ស៊ីទែនដឹកប្រេង របស់ក្រុមហ៊ុនសូគីម៉ិច បើកពីកើតទៅលិច ជ្រុលបុកពីក្រោយ បណ្តាលឲ្យយុវសិស្សទាំងពីរនាក់រងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តចុះគេចខ្លួនបាត់។
ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ៕